ខេត្តព្រៃវែង ៖ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ឆ្លងតាមការត្រួតពិនិត្យដោយប្រើម៉ាស៊ីនខួង មើលគុណភាពផ្លូវលេខ១១ គឺមានគុណភាពតាមស្តង់ដា និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែន«ចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង»ឡើយ ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ផ្លូវជាតិលេខ១១ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ ។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបដល់ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីមើលចំណុចខ្វះខាតដែលនៅសេសសល់ ក៏ដូចជាបញ្ហាបច្ចេកទេសមួយចំនួន ទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ធ្វើការកែសម្រួលបំពេញបន្ថែមលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ និងស្របតាមសៀវភៅបន្ទុក សំដៅធ្វើឱ្យផ្លូវនេះមាន គុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង ។
សូមជម្រាបថា ផ្លូវនេះមានប្រវែងសរុប៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន ៖ ផ្លូវមេប្រវែង ៨៦,៨០៨ គីឡូម៉ែត្រ និងផ្លូវក្នុង ក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ ។
ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ផ្លូវនេះ សម្រេចបាន ៩១,១៤ភាគរយហើយ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសម្បត្តិជាតិយើង ជាពិសេសអ្នកដែលមានលំនៅឋាននៅតាមបណ្ដោយផ្លូវជាតិ សូមកុំបំពានដីចំណីផ្លូវ ត្រូវគោរពតាមច្បាប់ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ឡើយ ព្រោះកំណត់ផ្លូវនេះជាកំណត់ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដែល ចាំបាច់ត្រូវពង្រីក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ៕