រាជធានីភ្នំពេញ ៖ យុវជនម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Alex Piano ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើស ស្លាកសញ្ញា ចរាចរណ៍ យកមកផុសខុសពីការពិត ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ និងអប់រំ ។
កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ យុវជនរូបនេះ បានបង្ហោះព័ត៌មានមិនពិតមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
យុវជន រស់ ដារ៉ា ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកធ្វើការសួរនាំ ហើយគាត់ក៏បាន ធ្វើការទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចក៏បានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃផងដែរ ។ ក្រោយបញ្ចប់ការណែនាំ អប់រំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ៕