រថយន្ត២គ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែល១គ្រឿងត្រូវទឹកហូរបោកទម្លាក់ផ្លូវនិងរថយន្តធុនធំដឹកស៊ីម៉ង់ត៌១គ្រឿងទៀត បានជាប់ផុងផ្អៀងខ្លួនមួយចំហៀងស្ទើរតែក្រឡាប់ ខណៈបើកលើផ្លូវហាមឃាត់ដែលមានទឹកហូរខ្លាំង ។
ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ តុលា ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ២ ផ្លូវ១០៤ និង ផ្លូវ២០A ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច រថយន្ដដែលជួបគ្រោះថ្នាក់ ម៉ាក MAZDA ពណ៌សអត់ស្លាកលេខ បើកបរ និងជិះដោយបុរស និងស្ត្រីជនជាតិចិន២នាក់ប្ដីប្រពន្ធ មិនស្គាល់អត្តសញ្ញាណ ត្រូវទឹកហូរវាយបោកបណ្ដាលឲ្យធ្លាក់ផ្លូវ ។ចំណែកឯរថយន្តធន់ធំដឹកដឹកស៊ីម៉ង់ត៌១គ្រឿងទៀត បានជាប់ផុងផ្អៀងខ្លួនមួយចំហៀងស្ទើរតែក្រឡាប់ ខណៈដែលរថយន្តទាំងនោះបើកបរឆ្លងកាត់លើកំណាត់ផ្លូវដែលកំពុងជន់លិចដោយទឹកស្ទឹងព្រែកត្នោត ហើយទឹកកំពុងហូរខ្លាំងយ៉ាងត្របាញ់ថែមទៀតនោះ ដោយភ្លាមៗនោះត្រូវបាននគរបាលយករថយន្តស្ទូចទៅស្ទូចយកចេញភ្លាមៗ។
កាលពីយប់ថ្ងៃទី២៣តុលាម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិ២ចំនុចខាងលើ ចាប់ពីវេលាម៉ោង ២០៖០០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ប៉ុន្តែអ្នកបើរកបររថយន្តទាំងពីរមិនដឹងថា ទទួលបានព័ត៌មានខាងលើនេះដែរឬយ៉ាងណានោះទេ តែសំខាន់ឃើញផ្លូវអាចប្រឈមនឹងគ្រោះថ្នាក់ហើយនៅតែផ្គើន ។
យ៉ាងណា អាជ្ញាធរគួរតែដាក់បារ៉ាស់បិទកំណាត់ផ្លូវខាងលើតែម្តង កុំឲ្យមានការឆ្លងកាត់ ដោយត្រូវប្រាប់ពីផ្លូវវាងជូនប្រជាពលរដ្ឋអ្នកធ្វើដំណើរផងដែរ ។