ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ តុលា នៅកម្ពុជានឹងអាចមានភ្លៀងធ្លាក់ច្រើននិងខ្យល់ខ្លាំង ជាពិសេសនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគឦសានដូចជាខេត្តរតនគិរី ស្តឹងត្រែង ព្រះវិហារនិងខេត្តឧត្តរមានជ័យ និងតំបន់វាលទំនាបដូចជាខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ធំ និង ខេត្តសៀមរាប ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមរបស់ប្រទេសកម្ពុជានៅថ្ងៃទី២៥ តុលា ២០២០នេះ ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានពន្យល់ថា មូលហេតុដែលតំបន់និងខេត្តមួយចំនួនខាងលើនឹងទទួលរងនូវទឹកភ្លៀងធ្លាក់ច្រើននិងខ្យល់ខ្លាំងដោយសារកម្ពូជាទទួលរងនូវវិសម្ពាធនិងសម្ពាធទាប ដែលកើតចេញពីព្យុះទី១៨ឈ្មោះ «ម៉ូឡាវ (Molave)» ដែលចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ហើយហោះឆ្លងកាត់ប្រទេសហ្វីលីពីន វៀតណាម មុនពេលវាបន្តហោះចូលតំបន់ប៉ាសុងរបស់ប្រទេសឡាវ ។
ក្រៅពីពន្យល់អំពីមូលហេតុខាងលើ ក្រសួងធនធានទឹកនិងឧតុនិយម ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅតំបន់ប្រឈមខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕