ដឹងឬមិនដឹងមិនសំខាន់ សំខាន់ឃើញផ្លូវគ្រោះថ្នាក់ហើយនៅតែផ្គើន

រថយន្ត​២​គ្រឿង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​១​គ្រឿង​ត្រូវ​ទឹក​ហូរ​បោក​ទម្លាក់​ផ្លូវ​និង​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ង់​ត៌​១​គ្រឿង​ទៀត បាន​ជាប់ផុង​ផ្អៀងខ្លួន​មួយ​ចំហៀង​ស្ទើរតែ​ក្រឡាប់ ខណៈ​បើក​លើ​ផ្លូវ​ហាមឃាត់​ដែល​មានទឹក​ហូរ​ខ្លាំង ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ផ្លូវ​១០៤ និង ផ្លូវ​២០A ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​បើ​តាម​សមត្ថកិច្ច រថយន្ដ​ដែល​ជួប​គ្រោះថ្នាក់ ម៉ាក MAZDA ពណ៌​ស​អត់​ស្លាក​លេខ បើកបរ និង​ជិះ​ដោយ​បុរស និង​ស្ត្រីជន​ជាតិចិន​២​នាក់​ប្ដី​ប្រពន្ធ មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​ទឹក​ហូរ​វាយ​បោក​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ ។​ចំណែកឯ​រថយន្ត​ធន់​ធំ​ដឹក​ដឹក​ស៊ីម៉ង់​ត៌​១​គ្រឿង​ទៀត បាន​ជាប់ផុង​ផ្អៀងខ្លួន​មួយ​ចំហៀង​ស្ទើរតែ​ក្រឡាប់ ខណៈ​ដែល​រថយន្ត​ទាំងនោះ​បើកបរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ដែល​កំពុង​ជន់​លិច​ដោយ​ទឹកស្ទឹង​ព្រែក​ត្នោត ហើយ​ទឹក​កំពុង​ហូរ​ខ្លាំង​យ៉ាង​ត្របាញ់​ថែម​ទៀត​នោះ ដោយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​នគរបាល​យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​ចេញ​ភ្លាម​ៗ​។​

​កាលពី​យប់​ថ្ងៃ​ទី​២៣​តុលា​ម្សិលមិញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​បិទ​ចរាចរ​ទាំងស្រុង​ជា​បណ្តោះ​អាសន្ន​នៅ​លើ​កំណាត់​ផ្លូវជាតិ​២​ចំនុច​ខាងលើ ចាប់ពី​វេលា​ម៉ោង ២០៖០០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ប៉ុន្តែ​អ្នក​បើរ​កបរ​រថយន្ត​ទាំង​ពីរ​មិនដឹង​ថា ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ តែ​សំខាន់​ឃើញ​ផ្លូវ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ហើយ​នៅ​តែ​ផ្គើន ។

យ៉ាងណា អាជ្ញាធរគួរតែដាក់បារ៉ាស់បិទកំណាត់ផ្លូវខាងលើតែម្តង កុំឲ្យមានការឆ្លងកាត់ ដោយត្រូវប្រាប់ពីផ្លូវ​វាង​​ជូនប្រជាពលរដ្ឋអ្នកធ្វើដំណើរផងដែរ ។