ពលរដ្ឋមួយចំនួននៅព្រែកប្ញស្សី ព្រែកហូរ និងសង្កាត់ដើមមៀន..នឹងក្លាយជាអ្នកភ្នំពេញ

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើ​ទៅ​ប្រមុខរដ្ឋ​ស្តីទី​កែសម្រួល​ដី​នៅ​ព្រំប្រទល់​រវាង​រាជធានី និង​ខេត្តកណ្តាល​ដោយ​កាត់​យក​ផ្ទៃដី​ទំហំ​ជាង​៣០០​ហិ​កតា​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ទីក្រុង​រណប​។​

​បើ​តាម VOD ក្នុង​លិខិត​របស់​រដ្ឋាភិបាល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ផ្ញើ​ទៅ​ប្រមុខ​ស្តីទី លោក សាយ ឈុំ កាលពី​ថ្ងៃ​១៣ ខែតុលា​ថា សំណើ​នេះ​ធ្វើ​ឡើង ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់ និង​ជួយ​សម្រួល​ដល់​ការ​អនុវត្ត​គម្រោង​ប្លង់​មេ សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹង​ទំពុន និង​បឹង​ជើងឯក រួម​ទាំង​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​រដ្ឋបាល កិច្ចការ​អភិវឌ្ឍន៍ ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ការ​ផ្តល់​សេវា​សាធារណៈ និង​ការងារ​សង្គម​ផ្សេង​ៗ​។​

​លិខិត​ដដែល​បញ្ជាក់​ថា ផ្អែក​លើ​របាយការណ៍​ស្តី​ពី​លទ្ធផល នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ព្រំប្រទល់ ស្ថិតិ​ប្រជាពលរដ្ឋ និង​ការ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ឃើញ​ថា ការ​ស្នើ​សុំ​កែសម្រួល​នូវ​ទំហំ​៣០២​ហិ​កតា ដោយ​កាត់​យក​ភូមិ​ស្ទឹង​ជ្រៅ ភូមិ​ព្រែក​តា​ពៅ នៃ​សង្កាត់​ដើម​មៀន​, ភូមិ​ព្រែក​អញ្ចាញ នៃ​សង្កាត់​ព្រែក​ឬ​ស្សី​, ភូមិ​ព្រែក​ឡុ​ង នៃ​សង្កាត់​តា​ក្តុល និង​ភូមិប​ត្តាជី​នៃ​សង្កាត់​ព្រែក​ហូរ និង​សង្កាត់​ចំនួន​៤​ទៀត ស្មើនឹង​៥​ភូមិ ដែល​មាន​លំនៅ​ឋាន​សរុប​១៣៩​ខ្នង​ផ្ទះ ស្មើនឹង​១៧៧​គ្រួសារ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​សរុប​៧៥៣​នាក់​។​

​បន្ថែម​ពី​នេះ រដ្ឋាភិបាល​ក៏​ស្នើ​សុំ​កាត់​ផ្ទៃដី​ទំហំ​២​ហិ​កតា ៥១៥៥​ម៉ែត្រការ៉េ (​ចំណែក​ដី​នៃ​វត្ត​បុ​ទុម​សាគរ ហៅ​វត្ត​ទួល​តា​ក្របៅ​) ពី​សង្កាត់​ចាក់​អ​ង្ក្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​វិញ ដើម្បី​ឱ្យ​ផ្ទៃដី​វត្ត​ទាំងមូល ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​តែ​មួយ និង​ងាយស្រួល​ចុះបញ្ជី​វិញ្ញាបនបត្រ​ម្ចាស់​សម្គាល់​អចលនវត្ថុ​ជូន​វត្ត​។​

​យោង​តាម​ច្បាប់​ស្តី​ពី ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់​មាត្រា​៦ វាក្យខណ្ឌ​ទី​១ បាន​ចែង​ថា «​ការ​បង្កើត ការ​លុប​ចោល ការ​កែប្រែ​ព្រំប្រទល់ និង​ការ​កំណត់​ឈ្មោះ​ខេត្ត ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី និង​តាម​សេចក្តី​ស្នើ​សុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»៕