ហ្វីលីពីនជម្លៀសពលរដ្ឋគេចពីព្យុះ«ម៉ូឡាវ» ខណៈកម្ពុជាក៍ប្រកាសឲ្យប្រយ័ត្នរួចហើយ

នៅ​មុន​ពេល​ព្យុះ​ទី​១៨​ឈ្មោះ​«​ម៉ូ​ឡាវ​(Molave)» ដែល​អ្នកជំនាញ​ខាង​ឧតុនិយម​ប្រកាស​ថា​នឹង​ចូល​មក​ដល់​ប្រទេស​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​ទី​២៥ តុលា​នេះ អាជ្ញាធរ​ហ្វី​លី​ពី​ន​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ជិត​១៨០០​នាក់ ដើម្បី​គេច​ពី​ព្យុះ​ដែល​ចេញពី​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​នេះ ។​

​បើ​តាម Reuters អាជ្ញាធរ​ហ្វី​លី​ពី​នក៍​បាន​ប្រកាសប្រាប់​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​នៃ​តំបន់ Bicol និង Calabarzon ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​វា​ធ្វើ​ដំណើរ​ឆ្លងកាត់​ភាគ​ខាងត្បូង​កោះ Luzon ។​

​ដោយឡែក បើ​តាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​របស់​ប្រទេស​កម្ពុជា​នោះ​វិញ ក៍បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​និង​ពលរដ្ឋ​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ភូមិភាគ​ឦសាន និង​តំបន់​វាលទំនាប បង្កើន​កា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​ពលរដ្ឋ​រស់នៅ​ខេត្តរតនគិរី ស្ទឹង​ត្រែង ព្រះ​វិហារ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ កំពង់ធំ និង ខេត្តសៀមរាប ។​

​បើ​តាម​ការ​ប្រកាស​នៅ​ថ្ងៃអាទិត្យ​នេះ ក្រសួង​ជំនាញ​បាន​ពន្យល់​ថា ព្យុះ​«​ម៉ូ​ឡាវ​»​នឹង​ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​នៅ​ពេល​ចូល​មក​ដល់​ប្រទេស​វៀតណាម ត្រង់​ម្តុំ​ចំណុច​ក្វា​ង​ងៃ (Quang Ngai) នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ រួច​បន្តដំណើរ​ចូល​លើ​តំបន់​ប៉ា​សុង​របស់​ប្រទេស​ឡាវ ដោយ​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ ។​

​ក្រសួង​ធនធានទឹក​បញ្ជាក់​និង​ពន្យល់​ទៀត​ថា វិ​សម្ពាធ​និ​សម្ពាធ​ទាប​នេះ នឹង​ធ្វើ​ឲ្យ​តំបន់​និង​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា​ខាងលើ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​និង​ខ្យល់​ខ្លាំង ៕