រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ផ្ទៃបឹងតាមោកជាង១០ហិកតាបន្ថែមទៀតប្រគល់ទៅឲ្យលោកស្រី ជា សុផាម៉ាដែន ប្រធានក្រុមហ៊ុន The Park Development ដែលមានទីតាំងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ មិថុនា និងត្រូវបាន VOD ចុះផ្សាយនៅថ្ងៃទី២៥ តុលា ២០២០នេះ ។
នៅរសៀលថ្ងៃទីអាទិត្យដដែលនេះ «អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបានទេពីលោកស្រី ជា សុផាម៉ាដែន ក៍ដូចជាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ។
យ៉ាងណាលោក ផៃ ស៊ីផាន បានប្រាប់ VOD ពាក់ព័ន្ឋនឹងការកាត់ផ្ទៃបឹងតាមោកជាង១០ហិកតាប្រគល់ឲ្យលោកស្រី ជា សុផាម៉ាដែន ខាងលើថា លោកមិនបានដឹងថារដ្ឋមានការដោះដូរអ្វីជាក្រុមហ៊ុនឯកជនជាមួយដីមួយកន្លែងនេះឡើយ។ លោកថា៖ « វាអាចជាការដោះដូរខ្ញុំមិនដឹង តែពេលខ្លះរដ្ឋត្រូវការដីនៅកន្លែងល្អហើយយើងអាចដោះដូរបាន » ។
លោកបន្ថែមថា ជាឧទាហរណ៍ថានៅភាគខាងត្បូងបឹងទំពុនដែលត្រូវបានចាក់បំពេញគឺត្រូវបានដោះដូរជាមួយលុយសម្រាប់កសាងប្រព័ន្ធលូសម្រាប់រំដោះទឹកក្នុងទីក្រុង។
លោកថា៖ « ពេលខ្លះរដ្ឋផ្ដល់ដីតែរដ្ឋទទួលប្រយោជន៍ដែលទទួលបានមកវិញ » ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រសួងពាក់ព័ន្ធបានពិភាក្សារួចហើយអំពីផលប៉ះពាល់បរិស្ថានដែលអាចកើតមានដោយសារការលិចលង់បឹងនៅក្នុងរាជធានីភ្នំពេញ។ លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ដែរថា«ទឹកជំនន់ក្នុងទីក្រុង គឺកើតមានដោយសារប្រព័ន្ធលូបង្ហូរទឹកមិនមែនមកពីការលុបបឹងនោះទេ។»។
ទាក់ទងនឹងសំណួរអំពីកង្វះតម្លាភាពក្នុងការផ្ដល់ដីនេះលោកផៃ ស៊ីផាន ថាគ្រប់ដំណើរការនៃការផ្ដល់ឱ្យទាំងអស់គឺសុទ្ធតែមានតម្លាភាពគ្រប់គ្រាន់។
លោកថា៖ « ខ្ញុំបានឮពីព័ត៌មានដែរ តែយើងមិនមានភស្ភុតាច្បាស់លាស់។ ហើយប្រសិនជាមានភស្ភុតាងច្បាស់លាស់តុលាការនឹងចាត់ការហើយ » ។
គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកមានផ្ទៃដីសរុបប្រមាណ ៣២៣៩ហិកតា ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ ជាសម្បតិ្តរបស់រដ្ឋ សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ប៉ុន្តែគិតចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ រដ្ឋាភិបាលបានកាត់ផ្ទៃបឹងតាមោកសរុបជាង៥៨០ហិកតា ប្រគល់ទៅឱ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន សម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងនោះរួមមាន៖
-២ សីហា ២០១៨ កាត់២០ហិកតា ធ្វើផ្សារបន្លែ
-១៣ មីនា ២០២០ កាត់៧៥ហិកតា ធ្វើសួននិងឧទ្យានធម្មជាតិ
-២៧មេសា ២០២០ កាត់៣០ហិកតា ដោះដូរដីគោកនៅទីតាំងផ្សេងៗគ្នាជាមួយដីបឹង
-២២ មិថុនា ២០២០ កាត់៣០០ហិចតាជូនក្រសួងការពារជាតិ
-១ កញ្ញា ២០២០ កាត់២៣,០៧ហិកតាជូនក្រសួងអភិវឌ្ឍន៍បទ និងប្រទានកម្មជូនកម្មសិទ្ធិឯកជន
-១ កញ្ញា ២០២០នេះដែរ ក៏បានចេញសេចក្តីសម្រេចកាត់ ១៥ហិកតាជូនស្ថាប័នគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ។
-២៥កញ្ញា ២០២០ កាត់៨ហិកតាជូនក្រសួងយុត្តិធម៌ ៕