ជាថ្មីម្តងទៀតយ៉ាងហោចណាស់ក្រុមបាតុករថៃចំនួន១០០០នាក់(គិតត្រឹមរសៀលម៉ោង៤នេះ) បានប្រមូលផ្តុំគ្នាឡោមព័ទ្ឋ Ratchaprasong ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ស្ថិតទីក្រងបាងកក បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីចេញពីយោធា ប្រាយុទ្ឋ ចាន់អូចា មិនព្រមចុះពីតំណែងក្រោយឱសានវាទបានចូលតាំងពីថ្ងៃសៅរ៍ម្សិលមិញនោះរួចមក។
លោកឧត្តមសេនីយ៍ ណាក់កាពុង ពុងពិត្រា (Pakkapong Pongpetra)ស្នងការនៃការិយាល័យប៉ូលិសប្រចាំស្ថានីយ៍រថភ្លើងក្រោមដី បានជំរុញនិងអំពាវនាវដល់ក្រុមបាតុករកុំប្រើអំពើហិង្សានិងរក្សាគម្លាត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ។ លោកបន្តថា ប៉ូលិសនឹងមិនអនុញ្ញាតឲ្យក្រុមបាតុករធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង ខណៈក្រុមគាំទ្រព្រះមហាក្សត្រកំពុងតែជួបជុំគ្នានៅទីនោះដែរ ។
បើតាមបាងកកប៉ុស្តិ៍ បានឲ្យដឹងទៀតថា ក្រុមបាតុករបានដើរនិងអំពាវនាវឲ្យលោកប្រាយុទ្ឋចុះចេញពីតំណែង ។ ក្រុមបាតុករក៍បានប្រកាសថាខ្លួននឹងបន្តជួបជុំប្រមូលផ្តុំគ្នានៅ Samyan នាថ្ងៃចន្ទស្អែកនេះ ដើម្បីដាក់សម្ពាធកាន់តែខ្លាំងបង្ខំឲ្យលោក ប្រាយុទ្ឋ ចាន់អូចា ចុះចេញពីតំណែង ៕