រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើប២គ្រឿង ខឹងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកកាត់ពីមុខរថយន្ត ពួកគាត់ស៊ីផ្លេមិនចេញ ក៏បានឈប់រថយន្តស្តីបន្ទោសអោយអ្នកបើកបរម៉ូតូកង់បីនោះ និងថែមទាំងរកវាយតប់គ្នាទៀតផង តែដោយសារតែមានមនុស្សច្រើនពេក ភាគីខាងរថយន្តស៊េរីទំនើបទាំង២គ្រឿងមិនចង់វែងឆ្ងាយក៏បើករថយន្តចេញទៅ តែម្ចាស់ម៉ូតូកង់បីមិនអស់ចិត្ត ក៏បានជិះម៉ូតូតាមឌឺដងរថយន្តស៊េរីទំនើបទាំង២គ្រឿងនោះទៀត ធ្វើឲ្យម្ចាស់រថយន្តទាំងពីរគ្រឿងទ្រាំមិនបាន ក៏ដកកាំភ្លើងបាញ់កង់បីនោះជាច្រើនគ្រាប់ បង្កជាការភ្ញាក់ផ្អើលទាំងកណ្តាលយប់ និងផ្អើលដល់សមត្ថកិច្ចខណ្ឌទួលគោកចុះមកត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ ។
ហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង10 និង40នាទីយប់ ថ្ងៃទី26 ខែតុលា ឆ្នាំ2020 នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ261 ទល់មុខហាង Dominos Pizza សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពពត៌មាន ពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺពួកគាត់បានឃើញ រថយន្តស៊េរីទំនើប2គ្រឿង មួយគ្រឿងម៉ាក Rolls-Royce ពណ៌ស និងមួយគ្រឿងទៀត ម៉ាកLexus LX570ខ្មៅ មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ដោយរថយន្ត Rolls-Royce ធ្វើដំណើរពីមុខ ចំណែករថយន្ត Lexus LX570 ធ្វើដំណើរពីក្រោយ ខណៈពេលធ្វើដំណើរមកជិតផ្សារស៊ិនជូរី ក៏មានម៉ូតូកង់បីឥណ្ឌារងគ្រោះមួយគ្រឿង ពណ៌លឿង (សុំមិនបញ្ជាក់អត្តសញ្ញាណអ្នកបើកបរ) ធ្វើដំណើរស្របទិសគ្នាពីក្រោយមក ឡើងវ៉ាពីមុខរថយន្ត lexus LX570 នៅចន្លោះកណ្តាល រថយន្ដទាំងពីគ្រឿងនោះ ។ ខណៈនោះ ដែលម្ចាស់រថយន្ តLexus LX570 ក៏ស៊ីផ្លេអោយជៀស តែបែរជាអ្នកបើកបរម៉ូតូកង់បីមិនចង់ងាកចេញទេ នៅបើកពីមុខគេ ចេតនាចង់ឌឺដង ឈ្នះចាញ់ជាមួយរថយន្តlexusនោះ ។ ហើយរថយន្ដLexus ក៏ឈប់រថយន្ដ នៅមុខផ្សារស៊ីនជូរីកាក់ម៉ូតូកង់បីនោះ សួរនាំ និង ស្តីបន្ទោស ហើយក៏កើតរឿងឈ្លោះប្រកែកគ្នា ថែមទៀតផង ។ តែដោយសារនៅទីនោះ មានមនុស្សច្រើន ម្ចាស់រថយន្តទាំង២គ្រឿង មិនចង់វែងឆ្ងាយនាំមានរឿង ក៏នាំគ្នាឡើងបើករថយន្ត ទៅមុខបន្ត ហើយបុរសជាអ្នកបើកបរម៉ូតូកង់បីនោះមិនអស់ចិត្ត និងខ្លួនមានជាតិស្រវឹងក្នុងខ្លួនផងនោះ ក៏បានបើកម៉ូតូកង់បីខ្លួនតាមពីក្រោយរថយន្តទាំងពីរគ្រឿងនោះ ផ្អើលពេញផ្លូវសហព័ន្ធរុស្ស៊ី ពេលធ្វើដំណើរមកដល់ស្ពានអាកាស7មករា ចុះពីស្ពានមកដល់កន្លែងកើតហេតុ អ្នកបើកបរថយន្ត Lexus LX570 ខឹងទ្រាំលែងបាន ក៏បានទាញកាំភ្លើងបាញ់ចេញពីក្នុងរថយន្តសំដៅ មកម៉ូតូកង់បីនោះត្រូវ ចំនួន4គ្រាប់ ផ្ទួនៗគ្នា ហើយភ្លាមៗនោះដែរ រថយន្តRolls-Royce ក៏បានបាញ់បន្ថែមសំដៅទៅលើម៉ូតូកង់បីនោះចំនួន២គ្រាប់បន្ថែមទៀត បណ្តាលឲ្យត្រូវម៉ូតូកង់បីធ្លុះជាច្រើនកន្លែង ។ តែសំណាងល្អអ្នកបើកបរម៉ូតូកង់បីនោះ មិនមានរងរបួសឡើយ ខូចខាតតែម៉ូតូតូកង់បី ។
បន្ទាប់ពីបង្កហេតុ រថយន្ដបង្កទាំងពីរគ្រឿងនោះ បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលចំណែក ម៉ូតូកង់បីរងគ្រោះវិញ ភ័យស្លន់ស្លោមិនហ៊ានទៅដាក់ពាក្យបណ្ដឹងទេ ថែមទាំងបើកម៉ូតូកង់គេចចេញពីឆ្លងកន្លែងកើតហេតុបាត់ស្រមោលមិនហ៊ានត្រឡប់មកវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ប្រមូលយកសំបកគ្រាប់ ទុកជាវត្ថុតាង និង ស្រាវជ្រាវស្វែងរកជនបង្កនៅពេលក្រោយតាមនិតិវិធីជំនាញ ៕