​កង់បី១គ្រឿងបើកតាមឌឺដង រថយន្ត​ស៊េរី​ទំនើប២​គ្រឿង ​បាញ់​ជិត​១០​គ្រាប់ ​ផ្អើលខណ្ឌទួលគោក​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប២​គ្រឿង ខឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​បើក​កាត់​ពីមុខ​រថយន្ត​ ពួក​គាត់​ស៊ី​ផ្លេ​មិន​ចេញ​ ក៏​បាន​ឈប់​រថយន្ត​ស្តីបន្ទោស​អោយ​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​នោះ និង​ថែម​ទាំង​រក​វាយតប់​គ្នា​ទៀត​ផង តែ​ដោយសារ​តែ​មាន​មនុស្ស​ច្រើន​ពេក ភាគី​​​ខាង​រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​​មិន​ចង់​វែង​ឆ្ងាយ​ក៏​បើករថយន្ត​ចេញ​ទៅ តែ​ម្ចាស់​ម៉ូតូ​កង់​បី​មិន​អស់ចិត្ត ក៏​បាន​ជិះ​ម៉ូតូ​តាម​ឌឺដង​រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​នោះ​ទៀត ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​ពីរ​គ្រឿង​ទ្រាំ​មិន​បាន ក៏​ដក​កាំភ្លើង​បាញ់​កង់​បី​នោះ​ជា​ច្រើន​គ្រាប់ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់ និង​ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌទួលគោក​ចុះ​មក​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗផងដែរ ។​

​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​10 និង​40​នាទី​យប់ ថ្ងៃ​ទី​26 ខែតុលា ឆ្នាំ​2020 នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី កែង​និង​ផ្លូវ​261 ទល់មុខ​ហាង Dominos Pizza សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​យោង​តាម​ប្រភព​ព​ត៌​មាន ​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​គឺ​ពួក​គាត់​បានឃើញ រថយន្ត​ស៊េរី​ទំនើប​2​គ្រឿង មួយ​គ្រឿង​ម៉ាក Rolls-Royce ពណ៌​ស និង​មួយ​គ្រឿង​ទៀត ម៉ាក​Lexus LX570​ខ្មៅ មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​រថយន្ត Rolls-Royce ធ្វើ​ដំណើរ​ពីមុខ ចំណែក​រថយន្ត Lexus LX570 ​ធ្វើ​ដំណើរ​ពីក្រោយ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ជិត​ផ្សារស៊ិ​ន​ជូ​រី ក៏​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា​រង​គ្រោះ​មួយ​គ្រឿង ពណ៌​លឿង​ (​សុំ​មិន​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បើកបរ​) ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ​មក ឡើង​វ៉ា​ពីមុខ​រថយន្ត​ lexus LX570 នៅ​ចន្លោះ​កណ្តាល រថយន្ដ​ទាំង​ពី​គ្រឿង​នោះ ។ ខណៈនោះ​ ដែល​ម្ចាស់​រថយន្ ត​Lexus LX570​ ​ក៏​ស៊ី​ផ្លេ​អោយ​ជៀស តែ​បែរជា​អ្នក​បើ​កបរ​ម៉ូតូ​កង់​បី​មិន​ចង់​ងាក​ចេញ​ទេ នៅ​បើ​ក​ពីមុខ​គេ ចេតនា​ចង់​ឌឺដង ​ឈ្នះ​ចាញ់​ជាមួយ​រថយន្ត​lexus​នោះ ។ ហើយ​រថយន្ដ​Lexus ក៏​ឈប់​រថយន្ដ នៅ​មុខ​ផ្សារស៊ីន​ជូ​រី​កាក់ម៉ូតូ​កង់​បី​នោះ សួរនាំ និង ស្តីបន្ទោស ហើយក៏កើតរឿង​ឈ្លោះប្រកែក​គ្នា ​ថែម​ទៀត​ផង ​។ តែ​ដោយសារ​នៅ​ទីនោះ​ មាន​មនុស្ស​ច្រើន ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង ​មិន​ចង់​វែង​ឆ្ងាយនាំ​មានរឿង ក៏​នាំ​គ្នា​ឡើ​ង​បើ​ក​រថយន្ត ទៅ​មុខ​បន្ត ហើយ​បុរស​ជា​អ្នក​បើកបរ​ម៉ូតូ​កង់​បី​នោះ​មិន​អស់ចិត្ត និង​ខ្លួន​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ផង​នោះ ក៏​បាន​បើក​ម៉ូតូ​កង់​បី​ខ្លួន​តាម​ពីក្រោយ​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ ផ្អើ​ល​ពេញ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ពេល​ធ្វើ​ដំណើរ​មក​ដល់​ស្ពាន​អាកាស​7​មក​រា ចុះ​ពី​ស្ពាន​មក​ដល់​កន្លែង​កើតហេតុ អ្នក​បើ​កប​រថយន្ត ​Lexus LX570 ខឹង​ទ្រាំ​លែង​បាន ក៏​បាន​ទាញ​កាំភ្លើង​បាញ់​ចេញពី​ក្នុង​រថយន្ត​សំដៅ​ មក​ម៉ូតូ​កង់​បី​នោះ​ត្រូវ ចំនួន​4​គ្រាប់ ផ្ទួន​ៗ​គ្នា ហើយ​ភ្លាម​ៗ​នោះ​ដែរ រថយន្ត​Rolls-Royce ក៏​បាន​បាញ់​បន្ថែម​សំដៅ​ទៅ​លើ​ម៉ូតូ​កង់​បី​នោះ​ចំនួន​២​គ្រាប់​បន្ថែម​ទៀត បណ្តាល​ឲ្យ​ត្រូវ​ម៉ូតូ​កង់​បី​ធ្លុះជា​ច្រើន​កន្លែង ​។​ តែ​សំណាងល្អ​អ្នកបើកបរ​ម៉ូតូ​កង់​បី​នោះ មិន​មាន​រង​របួស​ឡើយ ខូចខាត​តែ​ម៉ូតូ​តូ​កង់​បី​ ។​

បន្ទាប់​ពី​បង្កហេតុ រថយន្ដ​បង្ក​ទាំង​ពីរ​គ្រឿង​នោះ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ចំណែក ម៉ូតូ​កង់​បី​រង​គ្រោះ​វិញ ភ័យ​ស្លន់ស្លោ​មិន​ហ៊ាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ទេ ថែម​ទាំង​បើក​ម៉ូតូ​កង់​គេច​ចេញពី​ឆ្លង​កន្លែង​កើតហេតុ​បាត់​ស្រមោល​មិន​ហ៊ាន​ត្រឡប់​មក​វិញ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ប្រមូល​យក​សំបក​គ្រាប់ ទុកជា​វត្ថុ​តាង និង ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក​នៅ​ពេល​ក្រោយ​តាម​និ​តិ​វិធី​ជំនាញ​ ៕