មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានចាត់ទុកស្ថាប័នឧត្តមក្រមប្រឹក្សានៃអង្គចៅក្រមជាស្ថាប័នលេងសើច និង ចង់ឲ្យព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គជាព្រះប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនោះលាលែងពីតំណែងនោះថែមទៀត ។
នៅក្នុងវីដេអូឃ្លីបមានរយៈប្រមាណ៣នាទី ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៥ តុលា ២០២០ លោក សម រង្ស៊ី បានលើកឡើងដដែលជាដដែលដោយចោទប្រកាន់ស្ថាប័នតុលាការជាស្ថាប័នដែលប្រជារាស្ត្រខ្មែរស្អប់ជាងគេ ព្រោះតែស្ថាប័នតុលាការ គឺជាឧបករណ៍សម្រាប់ឱ្យអ្នកមានអំណាច អ្នកមានលុយធ្វើបាបអ្នកក្រីក្រ និងអ្នកទន់ខ្សោយ ។ បើតាមមេបក្សប្រឆាំងដ៍ល្បីឈ្មោះរូបនេះ តុលាការ ដើរតួនាទីសំខាន់ណាស់ ជាអ្នករកយុត្តិធម៌ដល់ពលរដ្ឋខ្មែរ ហើយថា ដើម្បីដំណើរការដោយយុត្តិធម៌ និង ត្រឹមត្រូវ គឺត្រូវតែរុះរើស្ថាប័នមួយនេះហើយរៀបចំឡើងវិញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានប្រាប់ RFI ថា ការរិះគន់ និងស្អប់តុលាការរបស់លោកសម រង្ស៊ីនេះ គឺជារឿងធម្មតា ដោយសារតែលោកថា គឺតុលាការនេះហើយដែលជាអ្នកបានផ្តន្ទាទោសទៅលើរូបគាត់ និងក្រុមរបស់គាត់ដែលបានប្រពឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា។
ពាក់ព័ន្ឋនឹងលោក សម រង្ស៊ី ចង់ឲ្យព្រះហាក្សត្រលាលែងពីព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក ជិន ម៉ាលីន បានសង្កត់ធ្ងន់ថា ស្ថាប័នតុលាការកម្ពុជា នឹងសិក្សាផ្លូវច្បាប់លើពាក្យសម្តីរិះគន់របស់លោកសម រង្ស៊ី មកលើអង្គព្រះមហាក្សត្រនេះ ។ លោកថា ប្រសិនបើតុលាការរកឃើញធាតុផ្សំនៃបទល្មើសប្រមាថដល់អង្គព្រះមហាក្សត្រ នោះតុលាការនឹងដំណើរការនីតិវិធីលើលោកសម រង្ស៊ី។
យ៉ាងណា លោកសម រង្ស៊ី បានសម្តែងការមិនខ្លាចញញើតនិងការអនុវត្តច្បាប់មកលើរូបលោកនោះទេ ដោយលោកថា ចង់យកលោកទៅផ្តន្ទាទោស ក៏ផ្តន្ទាទោសទៅ ។ លោកសម រង្ស៊ី និយាយបែបនេះ មុននិយាយរិះគន់ដល់អង្គព្រះមហាក្សត្រនៅក្នុងវីដេអូឃ្លីបរបស់លោក ។
គេនៅចាំបានថា កាលពីឆ្នាំ២០១៩ លោកសម រង្ស៊ី ត្រូវបានតុលាការកម្ពុជាកាត់ទោសចំនួនពីរលើករួចមកហើយក្រោមការចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រ។ ការចោទប្រកាន់ និងកាត់ទោសទាំងនេះ គឺបន្ទាប់ពីរូបលោកបានចាត់ទុកព្រះរាជសាររបស់ព្រះមហាក្សត្រដែលអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមបោះឆ្នោតអាណត្តិទី៦ គឺជាព្រះរាជសារក្លែងក្លាយ ឬត្រូវបានធ្វើឡើងដោយមានការគាបសង្កត់។
ចុងក្រោយ គឺលោកសម រង្ស៊ី បានរិះគន់ព្រះមហាក្សត្រកម្ពុជាថា ជាចំណាប់ខ្មាំង និងជាអាយ៉ងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះថែមទៀត ៕