ទីបំផុតទៅ ព្រះអង្គម្ចាស់ Haji Abdul Azim បុត្រាទី២របស់ព្រះចៅស៊ុលតង់ប្រ៊ុយណេ ហាស្សាណាល់ បុលគៀ បានចូលទិវង្គតហើយ ក្នុងព្រះជន្ម៣៨វស្សា នៅក្នុងទីក្រុងបានដាស៊េរី បេហ្កាវ៉ាន់ កាលពីថ្ងៃទី២៤ តុលា ២០២០ បន្ទាប់ពីព្រះអង្គបានតស៊ូជាមួយនឹងជំងឺអស់រយៈពេលជាច្រើនខែ ។
មិនមានព័ត៌មានផ្លូវការណាមួយបញ្ជាក់អំពីមូលហេតុពិតប្រាកដនៃការយាងចូលទិវង្គតរបស់ព្រះអង្គម្ចាស់ Azim នោះទេ តែប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប្រ៊ុយណេបានឲ្យដឹងថា ព្រះអង្គម្ចាស់ Azim ទ្រង់ប្រឈួនធ្ងន់ធ្ងរយូរមកហើយពីជំងឺមហារីកថ្លើម ។
ការយាងចូលទិវង្គតរបស់ព្រះអង្គម្ចាស់ Azim ត្រូវបានរាជរដ្ឋាភិបាលប្រ៊ុយណេប្រកាសកាន់ទុក្ខរយៈពេល៧ថ្ងៃចាប់ពីចុងសប្តាហ៍នេះ ។
ក្រៅពីការប្រកាសកាន់ទុក្ខរបស់រដ្ឋាភិបាលប្រ៊ុយណេ គេក៍ឃើញមានមេដឹកនាំអាស៊ានចំនួន៣ប្រទេស បានផ្ញើសាររំលែកទុក្ខចំពោះការចូលទិវង្គតរបស់ព្រះអង្គម្ចាស់ Azim ក្នុងនោះមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីMuhyiddin Yassin, នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ដែលក្រុមបាតុករកំពុងទាមទារឲ្យចុះពីតំណែងផងដែរ ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយក្រៅស្រុក ព្រះអង្គម្ចាស់ Azim ជាផលិតករភាពយន្តហូលីវូដ ដែលរាប់អានស្និទ្ធស្នាលជាមួយតារាល្បីៗផងដែរដូចជា Michael Jackson, Mariah Carey និង Pamela Anderson ជាដើម ហើយធ្លាប់ទាំងចាយលុយ១០លានដុល្លារឲ្យតារាចម្រៀង Michael Jackson ចូលរួមពិធីខួបកំណើត២៥វស្សារបស់ទ្រង់នោះទៀត។
ព្រះអង្គម្ចាស់ Azim បានបោះទុនជាង៤លានដុល្លារបង្កើតផលិតកម្មភាពយន្តផ្ទាល់ខ្លួន ហើយទ្រង់បានផលិតភាពយន្ត៣រឿង រួមមានរឿង៖ You’re Not You (២០១៤), The Time of Their Lives (២០១៧) និង The Happy Prince (២០១៨) ៕