លោក អេង ឆៃអ៊ាង ៖ ភរិយាខ្ញុំមិនមែនជាអ្នកនយោបាយទេ

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​លើក​ឡើង​ថា ភរិយា​របស់​លោក មិនមែន​ជា​អ្នកនយោបាយ​ទេ គ្រាន់តែ​ជា​អាជីវករ​ដូរ​លុយ​តូចតាច​ម្នាក់​ដើម្បី​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ​ប៉ុណ្ណោះ ។​

​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូប​នេះ​បាន​សរសេរ​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា​នេះ មាន​អត្ថន័យ​ទាំងស្រុង​ថា៖​

«​ខ្ញុំ ជា​អ្នកនយោបាយ តែ​ភរិយា​ខ្ញុំ មិនមែន​ជា​អ្នកនយោបាយ​ទេ គាត់​គ្រាន់តែ​ជា​អាជីវករ​ប្រកប​មុខរបរ ដូរ​លុយ តូចតាច​ម្នាក់​ដើម្បី​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ​ប៉ុណ្ណោះ ។ រយៈពេល​ជាង​បី​ឆ្នាំ​កន្លង​មកនេះ ភរិយា​ខ្ញុំ បាន​រែកពុន​ក្រុម​គ្រួសារ​ទាំងមូល ដោយ​ដើរតួ​នាទី​ជា​មេផ្ទះ​ផង និង​មេ​គ្រួសារ​ផង ។ ទោះបី​ប្រឈម​នឹង​ការ​លំបាក​បែប​នេះ ក៏​ដោយ ក៏​ភរិយា​ខ្ញុំ មិន​ដែល​កៀបសង្កត់​ឬ​បង្ខិតបង្ខំ​រូប​ខ្ញុំ ឲ្យ​បោះបង់​អាជីព​ជា​អ្នកនយោបាយ​ឡើយ ព្រោះ​គាត់​ស្គាល់​ច្បាស់​ពី​ឆន្ទៈ និង មនសិការ​របស់ខ្ញុំ ។​»​។​

​ការ​លើក​ឡើង​របស់ លោក អេ​ង ឆៃ​អ៊ា​ង ពី​ក្រៅប្រទេស​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ជា​សាធារណៈ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាសង​សង់ស្ពាន​ពី​កោះ​ពេជ្រ​ទៅ​កោះន​រា កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ឲ្យ​អ្នកនយោបាយ​ម្នាក់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ប្រយ័ត្ន ព្រោះ​ភរិយា​របស់​អ្នកនយោបាយ​ដែល​លោក ហ៊ុន សែន មិន​បញ្ជាក់​ចំ​ឈ្មោះ​នោះ កំពុង​រកស៊ី​មានមុខរ​បរជា​អ្នក​ដូរ​លុយ​នៅ​ភ្នំពេញ ។​

​ការ​ព្រមាន​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ទៅ​លើ​អ្នកនយោបាយ​រូប​នោះ បាន​ធ្វើ​ឡើង​គាប់​ជួន​នឹង​លោក​កំពុង​តែ​ថ្លែង​ដោយ​ប្រើ​ពាក្យ​អសុរោះ​ធ្ងន់​ៗ​និង​គំរាម​ដូច​គ្នា​នេះ​ទៅ​កាន់​លោក ហូរ វ៉ា​ន់ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បញ្ឈប់​ការ​បញ្ជា​ពី​ក្រៅប្រទេស​ឲ្យ​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន ព្រោះ​ភរិយា​និង​កូនលោក ហូរ វ៉ា​ន់ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ក៍​កំពុង​រស់នៅ​ភ្នំពេញ​ដែរ ៕

 

 

 

 

 

155 Comments