អតីតតំណាងរាស្ត្រ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសហ្វីលីពីន លោក ឱក សុជាតិ បានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ៦៦ឆ្នាំ កាលពីម៉ោង១០យប់ ថ្ងៃទី២៥ តុលា ២០២០ ។
លោក ឱក សុជាតិ ត្រូវបានគេស្គាល់ថាជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ខាងសេដ្ឋកិច្ច នយោបាយនិងការទូតម្នាក់ ហើយលោកក៍ត្រូវបានគេដឹងថាធ្លាប់បម្រើការងារក្នុងនាមជាអ្នកស្មោះស្ម័គ្រនឹងរាជបល្ល័ង្គ ជាពិសេសលោកក៍ធ្លាប់ជាមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងធ្លាប់បានបម្រើការងារក្នុងគណបក្សដែលជាដៃគូប្រកួតប្រជែងខាងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺលោកធ្លាប់បានទទួលការងារជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ខុទ្ទកាល័យសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ ផងដែរ ។ អ្វីដែលជាការកត់សម្គាល់របស់អ្នកសារព័ត៌មានអំឡុងពេលគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សប្រជាជនកម្ពុជា ជាដៃគូប្រកួតប្រជែងដ៍ធំរាប់បញ្ចូលជាមួយនឹងគណបក្សជាតិខ្មែរ ដែលក្រោយមកក្លាយជាគណបក្សសមរង្ស៊ីដឹកនាំដោយលោក សម រង្ស៊ី កាលពីជាង២០ឆ្នាំមុននោះ លោក ឱក សុជាតិ តែងតែមានទំនាក់ទំនងល្អបំផុតជាមួយអ្នកកាសែត មិនថាអ្នកកាសែតនោះប្រកាន់និន្នាការបក្ស ឬ មកពីគណបក្សណានោះឡើយ គឺ លោករាប់អាន និងតែងផ្តល់ចម្លើយប្រកបដោយគុណធ៌មនិងសច្ចភាពជានិច្ច ។ ការបាត់បង់លោក គឺជាការបាត់បង់ធនធានមនុស្សដ៍កម្រ ដែលទាំងចំណេះជំនាញ គុណធ៌មនិងសច្ចភាព លោកតែងប្រកាន់ខ្ជាប់ជានិច្ច ។
ក្រោយទទួលដំណឹងពីមរណភាពរបស់លោក អ្នកនយោបាយនិងអ្នកដែលស្គាល់លោកច្បាស់ ក៍បានលើកឡើងដែរថា មរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្ស និងជាបញ្ញវន្តជើងចាស់មួយរូប ដែលបានចូលរួមបម្រើជាតិ ទាំងក្នុងនិងក្រៅប្រទេស ។
លោក ឱក សុជាតិ អាយុ៦៦ឆ្នាំ រស់ភូមិដូនដី ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ កាលពីកុមារភាព លោកសិក្សានៅទីនោះ ។ ក្រោយបញ្ចប់ការសិក្សា នៅខេត្តកំពង់ចាមនៅឆ្នាំ១៩៧៥ លោកចាកចេញបន្តការសិក្សានៅភ្នំពេញថ្នាក់បាក់ ឌុប ក្នុងពេលប្រទេសកម្ពុជាជួបសង្គ្រាមពីឆ្នាំ១៩៧៥ដល់១៩៧៩។
ក្រោយមកលោក បានទៅសិក្សានៅតាមជំរុំជាយដែនថៃ នៅឆ្នាំ១៩៨០ ដោយទទួលបានតួនាទី ជាប្រធានចែកអំណោយ នាជាយដែន រហូតក្រោយមកដោយសារលោក ជាសិស្សពូកែទៀត មានឱកាសទៅសិក្សាថ្នាក់បរិញ្ញា នៅប្រទេសកាណាដា ឆ្នាំ១៩៨៧ ផ្នែកសេដ្ឋនិងច្បាប់ ។ បន្ទាប់មកបន្តសិក្សាផ្នែកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅ ១៩៩១ ហើយក្រោយពេលកម្ពុជារៀបចំការបោះឆ្នោត ទើបលោកចូលរួមឆាកនយោបាយ។
នៅឆ្នាំ១៩៩៨ ដល់២០០៣ លោកបានកាន់តំណែងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម គណបក្សហ្វ៊ុនស៊ិនប៉ិច។ លុះដល់ឆ្នាំ២០០៣ និង២០០៤ ត្រូវតែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសហ្វីលីពីន។
បន្ទាប់មកលោកបានឈប់កិច្ចការទូត មកចូលរួមនយោបាយឡើងវិញ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកក៍ត្រូវបានតែងតាំងជាងទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្ត្រី រហូតដល់បច្ចុប្បន្ននេះ។
សពលោកត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ នៅវត្តស្វាយទោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់លោក ហើយពិធីបញ្ចុះសពលោកនឹងធ្វើឡើងនៅថ្ងៃទី២៨ តុលា ហើយពិធីបុណ្យ៧ថ្ងៃ រៀបចំឡើងទី៣០ តុលា ២០២០ នៅវត្តស្វាយទោង ស្រុកព្រៃឈខេត្តកំពង់ចាម ៕