រដ្ឋមន្ត្រីចំនួន០៤រូបនៃរាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចុះដោះស្រាយជាបន្ទាន់នូវបញ្ហារបស់ប្រជាពលរដ្ឋនៅក្រោយទឹកជំនន់ស្រក ហើយលោកក៍បានព្រមានទុកជាមុនដែរថា លោកនឹងតាមដានលទ្ឋផលរបស់រដ្ឋមន្ត្រីទាំង៤រូបនោះ ប្រសិនបើរដ្ឋមន្ត្រីណាមួយ បំពេញការងារស្ពឹកស្រពន់ ដែលធ្វើឱ្យពលរដ្ឋស្រែកតវ៉ា និងរិះគន់ដល់រដ្ឋាភិបាលនោះ គឺលោកនឹងចុះអន្តរាគមន៍ផ្ទាល់តែម្ដង ហើយថានៅពេលដែលលោកចុះអន្តរាគមន៍ផ្ទាល់ បានន័យថារដ្ឋមន្ត្រីនោះ ក៏នឹងត្រូវប្រឈមមុខជាមួយលោកដែរ ។
បទបញ្ជាដ៍ម៉ឺងម៉ា់ត់របស់លោកប្រមុខរាជរដ្ឋាភិបាលខាងលើ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ តុលា ២០២០ ក្នុងឱកាសបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា ពីកោះនរា ទៅផ្លូវជាតិលេខ១ ។
រដ្ឋមន្ត្រីទាំង០៤រូបដែលលោក ហ៊ុន សែន បញ្ជាឲ្យចុះដោះស្រាយជាបន្ទាន់ជូនប្រជាពលរដ្ឋនៅក្រោយទឹកជំនន់ស្រកនោះ រួមមាន ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។
នៅក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំនឹងចាំមើល បើសិនជាកន្លែងណាយឺត ខ្ញុំនឹងចុះទៅកន្លែងហ្នឹង ចាំមើលរដ្ឋមន្ត្រីធ្វើមុខយ៉ាងម៉េច ព្រោះរដ្ឋាភិបាល មានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ចំណាយលើការជួយសង្គ្រោះពលរដ្ឋ។»។
ដោយឡែកនៅព្រឹកមិញដែរ លោក ហ៊ុន សែន ក៍បញ្ចេញឈ្មោះលោក អ៊ុក រ៉ាប៊ុន ជាសាធារណៈ ដោយលោកថា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ តែដូចជាមិនសូវឃើញមានមុខនៅជនបទ។
គួរបញ្ជាក់ដែរថា បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគិតត្រឹមថ្ងៃទី២៤ តុលា ២០២០ ជំនន់ទឹកភ្លៀងដែលកើ់តមាននៅរាជធានី-ខេត្តចំនួន២០ បានបណ្តាលឲ្យប្រជាពលរដ្ឋបាត់បង់ជីវិតនៅទូទាំងប្រទេសសរុប៤០នាក់ ពលរដ្ឋជាង៥៤ម៉ឺននាក់ រងផលប៉ះពាល់ ក្នុងនោះមានជាង៤៧ម៉ឺននាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ផ្ទះជាង១២ម៉ឺនខ្នង បានរងប៉ះពាល់ ក្នុងនោះមាន៦៣ខ្នងខូចខាតសាលារៀនលិចទឹក ៩២៥កន្លែង ស្រូវប៉ះពាល់ជាង២៧ម៉ឺនហិកតា ដំណាំផ្សេងៗជាង៨៨ពាន់ហិកតា ត្រូវលិចទឹក។
របាយការណ៍ដដែលក៍បានបញ្ជាក់ដែរថា ក្រៅពីការបាត់បង់ជីវិតប្រជាពលរដ្ឋនិងការខូចខាតខាងលើ ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ បណ្តាលផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមខូចខាត ៦១៦គីឡូម៉ែត្រ និងផ្លូវជនបទខូចខាត ប្រវែង ១៦៨៥ គីឡូម៉ែត្រ ៕