អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា «ទឹកជំនន់ក្នុងទីក្រុង គឺកើតមានដោយសារប្រព័ន្ធលូបង្ហូរទឹកមិនមែនមកពីការលុបបឹងនោះទេ។»។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន ខាងលើ បានធ្វើឡើងកាលពីថ្ងៃទី២៥ តុលាម្សិលមិញ នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយ VOD ជុំវិញរាជរដ្ឋាភិបាលបានកាត់ផ្ទៃបឹងតាមោកជាង១០ហិកតាទៀត ប្រគល់ជូនលោកស្រី ជា សុផាម៉ាដែន ប្រធានក្រុមហ៊ុន The Park Development ដែលមានទីតាំងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា រាល់ការជន់លិចទឹកភ្លៀងនៅក្នុងរាជធនីភ្នំពេញកាលពីពេលថ្មីៗនេះ ក៍ដូចជាពេលកន្លងមក ត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ឋានមួយចំនួនបានស្តីបន្ទោសទៅលើអាជ្ញាធរដែលអនុញ្ញាតឲ្យមានការលុបបឹងនានាដែលជាអាងស្តុកទឹកសម្អុយដូចជាបឹងត្របែក បឹងកក់ បឹងទំពុន បឹងផាយ៉ាប ជាដើម ។
យ៉ាងណានូវរាល់ការស្តីបន្ទោសរបស់ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានមួយចំនួនខាងលើ ក៍ត្រូវបានការបដិសេធភ្លាមៗដែរពីអាជ្ញាធរជំនាញ ដូចជាថាទឹកជន់លិចដោយសារភ្លៀងខ្លាំងពេក ភូមិសាស្ត្រភ្នំពេញមានរាងជាបាតខ្ទះ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាច្រើនដងដែរថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារតែការប្រែប្រួលអាកាសធាតុនៅលពិភពលោក ហើយថាមិនមែនតែកម្ពុជាទេដែលលិច សូម្បីអាមេរិក បារាំង និងជប៉ុនជាដើមក៍លិចដូចគ្នាដែរ ៕