លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់សម្តែងការមិនសប្បាយចិត្តចំពោះអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ដោយបានផ្ញើសារព្រមានខ្លាំងនៅព្រឹកថ្ងៃទី២៦ តុលា ២០២០ នៅក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
«អង្រុត» មិនធ្វើអត្ថាធិប្បាយច្រើនដោយលើកយកនូវប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីមានខ្លឹមសារដូចតទៅ៖
«អាវ៉ាន់” ហ្នឹង គឺហូរ វ៉ាន់ ចាស់ជាងខ្ញុំមែនតែខ្ញុំហៅ “អាវ៉ាន់”។ “អាវ៉ាន់” អើយ ឈប់បានឈប់ទៅ “អាវ៉ាន់” ប្រពន្ធកូនហ្អែង នៅភ្នំពេញនេះទេ ហ្អែងកុំជ្រុលពេក សម្តីហ្អែងបញ្ជា នៅក្នុងទូរស័ព្ទទាំងអស់។រឿងអីហ្អែងមកបញ្ជាប្រឆាំងទូតចិន ប្រឆាំងនឹងវត្តមានយោធាចិន ពួកហ្អែងឆ្កួតៗ ប្រយ័ត្ន ! ប្រពន្ធកូនហ្អែងដេកអត់សុខទេ កំពុងតែភ័យ ហ្អែងឈប់បានឈប់ទៅ ចំណាស់ហ្នឹងហើយ ទោះបីជាហ្អែងដណ្តើមអំណាចបាន គេក៏មិនឱ្យហ្អែងធ្វើកុងសីដែរ»។ហ្អែងជាមេខ្លោង នៃអំពើក្បត់ អញ្ចឹងរឿងអីមិនចាត់ការពួកក្បត់នៅខាងក្នុង បើពួកក្បត់នៅខាងក្នុងទទួលបទបញ្ជាពីអាមេក្បត់ ដូច្នេះអាជ្ញាធរ តុលាការគេចាត់ការ អាហ្នឹងរឿងត្រឹមត្រូវតាមច្បាប់ ព្រោះអាមេចោរត់គេចខ្លួន ដល់ទៅបញ្ជាកូនចោរឱ្យធ្វើសកម្មភាព មិនអាកូនចោរជាប់គុក អញ្ចឹងហ្អែងកុំរុញគេឱ្យជាប់គុកណា ហ្អែងត្រូវចាំ»។
តើចិនមានកងទ័ពនៅកម្ពុជាទេ កម្ពុជាបានឱ្យសិទ្ធិចិនដាក់ទ័ពនៅកម្ពុជាតាំងពីកាលណា ? ខ្ញុំបញ្ជាក់ឡើងវិញ ខ្ញុំធុញទ្រាន់ជាមួយជនបរទេសមួយចំនួន បូកជាមួយខ្មែរយើងដែលរុញសភាពការណ៍ហ្នឹង។…យើងធុញទ្រាន់ណាស់ហើយអស់លោកអ្នក នាយករដ្ឋមន្ត្រីនិយាយមិនស្តាប់ លោកឯងមានភស្តុតាងឯណា សូមបញ្ចេញមកថា កម្ពុជាមាន កិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងចិន ប្រើប្រាស់ផ្តាច់មុខនូវកំពង់ផែរាម រយៈពេល៣០ឆ្នាំ»។«ឥឡូវ អ្នកឯងប៉ុនប៉ងធ្វើអ្វីជាមួយខ្ញុំ បានជា “វត្តមានចិនៗៗ” ហើយពួកអាក្រុមក្បត់ជាតិនេះគឺ បំផុសមនុស្សឱ្យធ្វើសកម្មភាព ប្រឆាំងទូតចិន»។
«ពួកហ្អែងហ៊ានស្បថឱ្យរន្ទៈបាញ់ទេ បើនិយាយពីកងទ័ពចិន ប៉ុន្តែគេធ្វើនេះដើម្បីជាមូលហេតុ ដើម្បីឈានទៅមួយជំហានទៀតឈានដល់ ការផ្តួលរំលំ បើសិនជាគេប្រមូលកម្លាំងបាន ប៉ុន្តែពួកហ្អែកគ្មានផ្លូវទេ»។ «ប្រាប់ឱ្យហើយ តម្លៃសន្តិភាពនេះធំណាស់ អត់យកអីមកជំនួសវាបានទេ»។
ក្រៅពីផ្ញើសារជាសាធាណៈទៅកាន់លោក ហូរ វ៉ាន់ ខាងលើ លោកប្រមុខរាជរដ្ឋាភិបាលហាក់ព្រមានជាមុនទៅកាន់ភរិយាលោក ហូរ វ៉ាន់ កុំឲ្យមានការពាក់ព័ន្ឋ ពិសេស ការជួយចេញលុយកាក់ផ្គត់ផ្គង់ដល់អ្នកចូលធ្វើអ្នកបាតុកម្មផ្សេងៗដែលមិនពេញចិត្តនឹងទង្វើអសកម្មមួយចំនួនរបស់រាជរដ្ឋាភិបាលផងដែរ ៕