លោកឧកញ៉ា ម៉ី រដ្ឋា រងការចោទប្រកាន់ពីបុរសម្នាក់ថា បានលក់ដីខ្យល់ ជាង៣ហិកតា នៅចំណុចភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
បើតាមលោក ពិន សុផា ដែលអះអាងថាជាអ្នកទិញដីពីលោកឧកញ៉ា ម៉ី រដ្ឋា បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី២៧ តុលា ដោយបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ លោកបានទិញដីមួយកន្លែងទំហំ៣២,៣២៩ម៉ែត្រការ៉េ ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីលោកឧកញ៉ា ម៉ី រដ្ឋា ដោយព្រមព្រៀងគ្នាក្នុង១ម៉ែត្រការ៉េ តម្លៃ៩០ដុល្លារ និង មានធ្វើកិច្ចសន្យាត្រឹមត្រូវ ។
លោក ពិន សុផា បន្តថា លោកបានបង់ប្រាក់កក់សរុបចំនួន១៤៥,០០០ដុល្លារ ទៅអោយលោកឧកញ៉ា ម៉ី រដ្ឋា ។ លុះពេល លោកចូលទៅឈូសឆាយដីដែលលោកទិញ នោះ ស្រាប់តែម្ចាស់ដីពិតប្រាកដដែលមានប្លង់រឹងត្រឹមត្រូវចេញមុខមករារាំងហាមមិនអោយឈូសឆាយ ។
ពេលនោះ ទើបលោកដឹង ថា លោកចាញ់បោក លោកឧកញ៉ា ម៉ី រដ្ឋា ដែលលក់ដីខ្យល់អោយលោក ។ បន្ទាប់ពីដឹងថា ដីដែលលោកឧកញ៉ា ម៉ី រដ្ឋា យកមកលក់អោយ គឺ ជាដីរបស់អ្នកដទៃ នោះ លោកបានទាក់ទងទៅលោកឧកញ៉ា ម៉ី រដ្ឋា ជាបន្តបន្ទាប់ដើម្បីដោះស្រាយយកលុយវិញ ។ ប៉ុន្តែលោកឧកញ៉ា ម៉ី រដ្ឋា ចេះតែសន្យាទៅថ្ងៃនេះ ឬ ថ្ងៃនោះ និង អោយរង់ចាំរហូតមកទល់ពេលនេះ ។
នៅរសៀលថ្ងៃទី២៨ តុលានេះ មិនអាចរកការសុំអត្ថាធិប្បាយបានទេពីលោកឧកញ៉ា ម៉ី រដ្ឋា ៕