បន្ទាប់ពីដំណើរការអស់រយៈពេល២៧ឆ្នាំ សារព័ត៌មានរស្មីកម្ពុជាបានប្រកាសផ្អាកការបោះពុម្ពផ្សាយបណ្តោះអាសន្ន ដោយសារវិបត្តិហិរញ្ញវត្ថុ ។
បើតាមលោក ផ្លុង ឆុំ នាយកគ្រប់គ្រងកាសែតរស្មីកម្ពុជា បានប្រាប់ VOD ឲ្យដឹងថា ការប្រកាសផ្អាកបោះពុម្ពជាបណ្ដោះអាសន្ន គឺធ្វើឡើងជាលក្ខណៈផ្ទៃក្នុងនៅការិយាល័យរបស់ខ្លួននាថ្ងៃនេះ។ លោកថា មូលហេតុចម្បងបំផុតដែលធ្វើឱ្យកាសែតលែងបោះពុម្ព គឺបណ្ដាលមកពីបញ្ហាហិរញ្ញវត្ថុ។
ចំណែក និពន្ធនាយកកាសែតរស្មីកម្ពុជា លោក ទាវ សារមុនី ជាអ្នកសារព័ត៌មាននៅរស្មីកម្ពុជា ចាប់តាំងពីការកកើតកាសែតរស្មីកម្ពុជាមកនោះ បានបញ្ជាក់ថា កាសែតរស្មីកម្ពុជាវិវត្តខ្លួនលើការផលិតព័ត៌មានអនឡាញ ដើម្បីតម្រូវការទីផ្សារសម័យថ្មី។ លោកបន្តថា បើទោះបីជាលោកនៅតែកាន់ការជានិពន្ធនាយក«រស្មីកម្ពុជាអនឡាញ»ក្ដី ក៏លោកនៅតែសោកស្ដាយចំពោះការផ្អាកបោះពុម្ពកាសែតនៅថ្ងៃនេះ។
បើតាមលោក សារមុនី កាសែតរស្មីកម្ពុជាសព្វថ្ងៃមានបុគ្គលិកពេញសិទ្ធិទទួលប្រាក់បៀវត្សចំនួនជាង១០០នាក់ ដែលបំពេញការងារផ្នែកបោះពុម្ពរដ្ឋបាលនិងផ្នែកផលិតព័ត៌មាន។ ក្រៅពីនោះរស្មីកម្ពុជាក៏មានភ្នាក់ងារយកព័ត៌មានចំនួន៣០នាក់ផ្សេងទៀតប្រចាំការនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។
យ៉ាងណាក៏ដោយ លោកមិនទាន់អាចបញ្ជាក់ពីចំនួនបុគ្គលិកដែលត្រូវបញ្ឈប់ពីការងារដោយសារតែការផ្អាកបោះពុម្ពផ្សាយនោះទេ ៕