បុរសម្នាក់ទិញដីពីឧកញ៉ា ម៉ី រដ្ឋា ពេលទៅឈូសឆាយ ស្រាប់តែលេចមុខម្ចាស់ដីពិតប្រាកដ

លោក​ឧកញ៉ា ម៉ី រ​ដ្ឋា​  រង​ការ​ចោទប្រកាន់​ពី​បុរស​ម្នាក់​ថា បាន​លក់​ដី​ខ្យល់ ជាង​៣​ហិ​កតា នៅ​ចំណុច​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។​

​បើ​តាម​លោក ពិន សុ​ផា ដែល​អះអាង​ថា​ជា​អ្នកទិញ​ដី​ពី​លោក​ឧកញ៉ា ម៉ី រ​ដ្ឋា បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​២៧ តុលា ដោយ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ លោក​បាន​ទិញ​ដី​មួយ​កន្លែង​ទំហំ​៣២,៣២៩​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ពី​លោក​ឧកញ៉ា ម៉ី រ​ដ្ឋា ដោយ​ព្រមព្រៀង​គ្នា​ក្នុង​១​ម៉ែត្រការ៉េ តម្លៃ​៩០​ដុល្លារ និង មាន​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ ។​

លោក ពិន សុ​ផា បន្ត​ថា លោក​បាន​បង់ប្រាក់​កក់​សរុប​ចំនួន​១៤៥,០០០​ដុល្លារ ទៅ​អោយ​លោក​ឧកញ៉ា ម៉ី រ​ដ្ឋា ។ លុះ​ពេល លោក​ចូល​ទៅ​ឈូស​ឆាយដី​ដែល​លោក​ទិញ នោះ ស្រាប់តែ​ម្ចាស់​ដី​ពិតប្រាកដ​ដែល​មាន​ប្លង់​រឹង​ត្រឹមត្រូវ​ចេញ​មុខ​មក​រារាំង​ហាម​មិន​អោយ​ឈូស​ឆាយ ។​

​ពេល​នោះ ទើប​លោក​ដឹង ថា លោក​ចាញ់បោក លោក​ឧកញ៉ា ម៉ី រ​ដ្ឋា ដែល​លក់​ដី​ខ្យល់​អោយ​លោក ។ បន្ទាប់​ពី​ដឹង​ថា ដី​ដែល​លោក​ឧកញ៉ា ម៉ី រ​ដ្ឋា យក​មក​លក់​អោយ គឺ ជា​ដី​របស់​អ្នក​ដទៃ នោះ លោក​បាន​ទាក់ទង​ទៅ​លោក​ឧកញ៉ា ម៉ី រ​ដ្ឋា ជា​បន្តបន្ទាប់​ដើម្បី​ដោះស្រាយ​យក​លុយ​វិញ ។ ប៉ុន្តែ​លោក​ឧកញ៉ា ម៉ី រ​ដ្ឋា ចេះ​តែ​សន្យា​ទៅ​ថ្ងៃនេះ ឬ ថ្ងៃ​នោះ និង អោយ​រង់ចាំ​រហូត​មក​ទល់​ពេល​នេះ ។

​នៅ​រសៀល​ថ្ងៃ​ទី​២៨ តុលា​នេះ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​លោក​ឧកញ៉ា ម៉ី រ​ដ្ឋា ៕