អតីតទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអតីតឧត្តមសេនីយ៍ឯកក្រសួងការពារជាតិ លោកឧកញ៉ា ហូ ចំរើន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅល្ងាចថ្ងៃទី២៨ តុលា ២០២០នេះ ។
នេះបើយោងតាម ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកមួយដែលចេញផ្សាយនៅយប់ថ្ងៃទី២៨ តុលា ២០២០នេះ ។
យ៉ាងណា ភ្លាមៗ«អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ជុំវិញព័ត៌មាននៃការដោះលែងលោកឧកញ៉ាដែលសម្បូររឿងអាស្រូវរូបនេះ ។
គួររំឮកថា លោក ហូ ចំរើន ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ឧសភា ២០១៨ ពាក់ព័ន្ធករណីបាញ់បោះគំរាមភរិយា និងឪពុកម្ដាយក្មេក ។
បើតាមសមត្ថកិច្ច លោក ហូ ចំរើន បានបើកការបាញ់បោះគំរាមក្រុមគ្រួសារចំនួនប្រហែល៦-៧គ្រាប់ កាលពីវេលាម៉ោង៣៖៣៥នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបង្កការបាញ់បោះខាងលើ មានឈ្មោះ ហូ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុ មុខរបរជាមន្ត្រីយោធា ឋានៈឧត្តមសេនីយ៍ឯក (ផ្កាយ៣)។ ចំណែក ជនរងគ្រោះមានគ្នា៣នាក់ រួមមាន ១-ឈ្មោះ យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ជាឪពុកក្មេក, ទី២-ឈ្មោះ ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ម្ដាយក្មេក និងទី៣-ឈ្មោះ គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ជាភរិយា។ ជនរងគ្រោះទាំង៣ ស្នាក់នៅទីតាំងកើតហេតុខាងលើដូចគ្នា។តែគ្មានអ្នកណាហ៊ានធើអីហូចំរើនឡើយព្រោះហូចំរើនថាអង្គរក្ស័បាញ់ ។
មិនបានប៉ុន្មានផងលោកឧកញ៉ា ហូ ចំរើន ក៍ត្រូវបានសមត្ថកិច្ចរកឃើញថា លោក ហូ ចំរើន មានការពាក់ព័ន្ឋនឹងបទឆបោកដែលមានទឹកប្រាក់រាប់សិបលានដុល្លារ ។
កាលពីរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩នេះ លោក ហូ ចំរើន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ និង៦ខែ ក្រោមការចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តកាលពីឆ្នាំ២០១៧ ឆ្នាំ២០១៨ ក្នុងរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងប្រកាសសាលក្រម នោះ តុលាការបានពិន័យជនជាប់ចោទជាប្រាក់ចូលថវិការដ្ឋចំនួន៦លានរៀល និងបង្គាប់ឲ្យសងដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៩៧លាន៨សែនដុល្លារ ហើយការទាមទារលើសពីនេះបដិសេធចោល ព្រមទាំងបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
ការសម្រេចដាក់ទោសទណ្ឌដល់អតីតឧកញ៉ារូបនេះ បានធ្វើឡើងដោយលោក ពេជ្រ វវិជ្ជាធរ ចៅក្រមជំនុំជម្រះ និងលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ពាក់ព័ន្ធសេចក្ដីសម្រចថ្មីរបស់តុលាការលើករណីនេះ បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ក្នុងការសួរយកចម្លើយពីជនជាប់ចោទ ហូ ចំរើន គឺទាក់ទិននឹងសំណុំរឿងឆបោកប្រាក់ចំនួន៩៧លាន៨សែនដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគកសាងមន្ទីរពទ្យ សាលារៀននៅក្រុងតាខ្មៅ ខេត្តកណ្ដាលរបស់ក្រុមហ៊ុនមួយ ដែលមានបុរសជនជាតិចិនម្នាក់ឈ្មោះ ហាន់ គឿក ជាដើមបណ្ដឹងរដ្ឋប្បវេណី ។
នៅក្នុងវសនាការនាពេលកន្លងមក ជនជាប់ចោទឈ្មោះ ហូ ចំរើន បានលើកឡើងថា លោកមិនបានឆបោកជនរងគ្រោះនោះទេ លុយទាំងអស់នោះលោកយកមកចំណាយលើការគម្រោងវិនិយោគ កសាងមន្ទីរពទ្យ និងសាលារៀន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឲ្យក្រុមហ៊ុនរបស់ជនរងគ្រោះ ប៉ុន្តែក្រោយពីលោកត្រូវចាប់ខ្លួនក្នុងសំណុំរឿងបាញ់បោះស្រាប់តែ ដៃគូររកស៊ីជាជនជាតិចិនប្តឹងលោកតែម្តង។
សូមរំលឹកថា យ៉ាងហោចណាស់មានសំណុំរឿងឆបោកប្រាក់ចំនួន៣ករណីផ្សេងៗគ្នា មានទឹកប្រាក់ច្រើនជាង២០០លានដុល្លារអាមេរិក ត្រូវបានម្ចាស់គំរោងវិនិយោគដាក់បណ្ដឹងចូលមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រឆាំងនឹងអតីតឧកញ៉ា ហូ ចំរើន ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស ដែលតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ ក្នុងបទចោទ ប្រើប្រាស់អាវុធ បាញ់បោះគំរាមសម្លាប់ប្រពន្ធ ប្រព្រឹត្តនៅក្នុងភូមិគ្រឹះ ដ៏ស្តុកស្តម្ភរបស់ខ្លួន ។
កាលពីព្រឹកថ្ងៃទី១៤ កម្ភ: ២០១៩ សាលាឧទ្ធរណ៍បានបើកសវនាការ ប្រកាសសាលដីកាលើសំណុំរឿងអតីតឧកញ៉ា ហូ ចំរើន ពាក់ព័ន្ធបទល្មើសចំនួន២ករណី គឺករណីឆបោក និងចេញសែកស្អុយ ដោយសម្រេចមិនអនុញ្ញាតឱ្យអតីតឧកញ៉ារូបនេះ នៅក្រៅឃុំនោះទេ និងបន្តឃុំខ្លួនក្នុងពន្ធនាគារ តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញដដែល ។ ក្រោយការសម្រេច សាលាឧទ្ធរណ៍បានបង្វិលសំណុំរឿងជូនសាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីបន្តនីតិវិធី តែមកដល់ថ្ងៃទី២៨ តុលា ២០២០ ស្រាប់តែមានព័ត៌មានថាលោក ហូ ចំរើន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ៕