បុរសអនាថាម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងសភាពហើមធុំក្លិនទៅហើយ នៅមុខផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងប្រមាណ១០យប់ថ្ងៃទី២៨ តុលា ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ៤ទៅ៥ថ្ងៃ គេសង្កេតឃេីញបុរសដែលស្លាប់ដើរចុះឡើងនៅម្ដុំកើតហេតុនេះដោយស្លៀកសម្លៀកបំពាក់ចាស់ៗ ហើយមានចរិតមិនសូវល្អ សង្ស័យជាជនអនាថាគ្មានទីពឹង។ ក្រោយមកក៏មិនឃើញគាត់ដើរឆ្លងកាត់ដូចសព្វដងឡើយ ។ ពេលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានធុំក្លិនស្អុយ ទើបដឹងថាបុរសអនាថានោះបានស្លាប់ទៅហើយក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង ។
ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះមកដល់ហើយទាក់ទងទៅជំនាញកោសល្យវិច័យឲ្យពិនិត្យបន្ថែមទើបសន្និដ្ឋានថា បុរសអនាថានោះពិតជាស្លាប់ដោយសារខ្យល់គរ ឬគាំងបេះដូង ពុំមានពាក់ព័ន្ធករណីអត្តឃាត ឬឃាតកម្មនោះទេ ។
សព ត្រូវបានអាជ្ញាធរហៅរថយន្តសង្គ្រោះដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីបូជាតាមប្រពៃណី ៕