អ្នកទៅលេងកំពង់សោម សូមធ្វើដំណើរវាងផ្លូវជាតិលេខ៤១

កំណាត់​ផ្លូវជាតិ​លេខ​៤១ ដែល​កែង​នឹង​ផ្លូវជាតិ​លេខ​៤ នៅ​ពេល​នេះ​អាជ្ញាធរ​កំពុង​ជួសជុល ដោយសារ​ផ្លូវ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ពី​ជំនន់​ទឹកភ្លៀង​កាលពី​ពេល​ថ្មី​ៗ​នេះ ។​

​នេះ​បើ​យោង​តាម លោក វី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ដែល​ជូនដំណឹង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ ។​

​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​លោក​ចៅហ្វាយខេត្ត​ដែល​គេ​សង្កេត​ឃើញ​មាន​ស្នាដៃ​និង​សកម្ម​ក្នុង​កិច្ចការ​បម្រើ​ប្រជាពលរដ្ឋ​នោះ​បាន​សរសេរ​និង​ជូនដំណឹង​ខ្លី​យ៉ាង​ដូច្នេះ​«

​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា​÷ ជំនន់​ទឹកភ្លៀង បាន​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្លូវជាតិ​លេខ​៤១ កែង​នឹង​ផ្លូវ​លេខ​៤ យ៉ាងធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​មានការ​ជួសជុល​បន្ទាន់​។ អាស្រ័យ​ហេតុនេះ​សូម​សាធារណ​ជន​​ដែល​មាន​បំណង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ឬ ក៏​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ សូម​មេត្តា​រក​ផ្លូវ​វាង​ជា​បណ្ដោះអាសន្ន​។ សូម​ជូនពរ ពុក​ម៉ែ​មាមីង​បងប្អូន​ទាំងអស់ មាន​សុខ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​។​»៕