នៅប៉ុន្មាននាទីមុននេះ ភ្លៀងបានធ្លាក់នៅតំបន់ខ្លះនៃរាជធានីភ្នំពេញ បន្ទាប់ពីផ្ទៃមេឃងងឹតនោះរួចមក ។ យ៉ាងណាភ្លៀងបានធ្លាក់រយៈពេលប៉ុន្មាននាទី ក៍បានរាំងវិញ តែផ្ទៃមេឃនៅតំបន់ខ្លះក្នុងរាជធានីភ្នំពេញដដែលនៅមានសភាពអាប់អួរងងឹតនៅឡើយ គិតត្រឹមម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៩ តុលា ២០២០នេះ ។
នៅមុនភ្លៀងប៉ុន្មាននាទី ផ្ទៃមេឃបានងងឹត ដែលមានប្រជាពលរដ្ឋមួយចំនួនតូចដែលធ្លាប់រងគ្រោះពីជំនន់ទឹកភ្លៀងកាលពីសប្តាហ៍កន្លងមកថ្មីៗនេះ បានសម្តែងការព្រួយបារម្ភ ។ បារម្ភ ព្រោះពលរដ្ឋខ្លះបានលើកឡើងថា ផ្ទះខ្លួនទឹកទើបនឹងស្រកមិនទាន់ទាំងស្ងួតផង ឥឡូវមេឃភ្លៀងមកទៀត ហើយលើសពីនោះ មានពលរដ្ឋមួយចំនួនតូចក៍បានរម្ភតាំងពីក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសពីកម្ពុជានឹងអាចទទួលរងពីព្យុះទី១៨ ឈ្មោះ «ម៉ូឡាវ(Molave)» មកម្ល៉េះ និងមានពលរដ្ឋខ្លះបានបួងសួងឲ្យកម្ពុជារួចផុតពីឥទ្ឋិពលព្យុះទី១៨នោះថែមទៀត។
កាលពីថ្ងៃទី២៥ តុលា ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ តុលា នៅកម្ពុជានឹងអាចមានភ្លៀងធ្លាក់ច្រើននិងខ្យល់ខ្លាំង ជាពិសេសនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគឦសានដូចជាខេត្តរតនគិរី ស្តឹងត្រែង ព្រះវិហារនិងខេត្តឧត្តរមានជ័យ និងតំបន់វាលទំនាបដូចជាខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ធំ និង ខេត្តសៀមរាប ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានពន្យល់ថា មូលហេតុដែលតំបន់និងខេត្តមួយចំនួនខាងលើនឹងទទួលរងនូវទឹកភ្លៀងធ្លាក់ច្រើននិងខ្យល់ខ្លាំងដោយសារកម្ពូជាទទួលរងនូវវិសម្ពាធនិងសម្ពាធទាប ដែលកើតចេញពីព្យុះទី១៨ឈ្មោះ «ម៉ូឡាវ (Molave)» ដែលចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ហើយហោះឆ្លងកាត់ប្រទេសហ្វីលីពីន វៀតណាម មុនពេលវាបន្តហោះចូលតំបន់ប៉ាសុងរបស់ប្រទេសឡាវ ។
ក្រៅពីពន្យល់អំពីមូលហេតុខាងលើ ក្រសួងធនធានទឹកនិងឧតុនិយម ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅតំបន់ប្រឈមខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។
ដោយឡែក គិតត្រឹមវេលាខាងលើដែរ ព្យុះ«ម៉ូឡាវ» បានយកជីវិតពលរដ្ឋវៀតណាមយ៉ាងហោចណាស់២៥នាក់ និង បាត់ខ្លួនជាច្រើននាក់ ក្នុងនោះ ព្យុះទី១៨នេះ បានសម្លាប់ពលរដ្ឋវៀតណាម១១នាក់និងបាត់ខ្លួន៤២នាក់ នៅក្នុងស្រុកNam Tra ខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាម និងបំផ្លាញផលដំណាំស្រូវ ដំណាំផ្សេងៗរាប់ម៉ឺនហិកតា ក៍ដូចជាហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត៕