កងកម្លាំងព្រំដែនវៀតណាមបានបន្តសាងសង់សំណង់រឹងបន្ថែមទៀតឡើងដល់១៦ទីតាំងហើយ លើទីតាំងដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា ខណៈទីតាំងប្រក់កៅស៊ូ១១ ទៀត ក៍មិនទាន់បានរុះរើនៅឡើយ ។
នេះបើយោងតាម លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលដែលថ្លែងប្រាប់ VOD នៅថ្ងៃទី២៩ តុលា ២០២០នេះ ។
បើតាមលោកអភិបាលខេត្តកណ្តាលដដែលបានបញ្ជាក់ទៀតថា «សំណង់រឹងទាំង១៦ទីតាំងនេះ ភាគីវៀតណាមសង់នៅតាមបណ្ដាយព្រំដែននៃខេត្តអានយ៉ាង ប្រទេសវៀតណាម ទល់មុខនឹងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្តាល ប្រទេសកម្ពុជា។»។
លោក គង់ សោភ័ណ្ឌ បានថ្លែងថា៖ «វៀតណាមសង់សំណង់រឹងនិងតង់កៅស៊ូ សរុប២៧ទីតាំង ហើយសំណង់រឹង១៦ សង់នៅក្នុងស្រុកពីរ [ស្រុកលើកដែក និងស្រុកកោះធំ]។ យើងបានជជែកគ្នាហើយ ថាក្រោយពីកូវីដ គេនឹងរុះរើ»។
កាលពីចុងខែសីហា ឆ្នាំ២០២០ ស្នងការនគរបាលខេត្តកណ្ដាល បានរាយការណ៍ថា វៀតណាម បានសាងសង់ជម្រករឹងមាំធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ស្ថិតនៅចម្ងាយប្រមាណ១២០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមដែលមិនទាន់ឯកភាពគ្នា។
ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ប្រាប់ថា គណៈកម្មាធិការមិនទាន់សម្រេចថា នឹងចុះទៅពិនិត្យមើលទីតាំងដែលភាគីវៀតណាមសង់សំណង់រឹងនោះនៅឡើយ ដោយសារ គណៈកម្មាធិការរង់ចាំរបាយការណ៍ពីអាជ្ញាធរខេត្តកណ្តាលសិន ។
លោកថា៖ «ទាល់[តែ]ខ្ញុំជួយមើលហើយ ពិចារណាហើយ បានយើងសម្រេចថា យើងបញ្ជូនទៅធ្វើការតវ៉ាជាមួយក្រសួងការបរទេស [ចាំមើល] លទ្ធផលដែលយើងរកឃើញ លទ្ធផលដែលយើងវិភាគនូវរបាយការណ៍ដែលយើងទទួលបានពីអាជ្ញាធរដែនដី»។
លោក វ៉ា គឹមហុង បានបញ្ជាក់ប្រាប់ VOD ទៀតថា កម្ពុជាសម្រេចជ្រើសរើសយកវិធីសាស្ត្រចរចាជាមួយភាគីវៀតណាម ដោយយល់ថា រឿងសង់សំណង់រឹងនេះមិនធំដូចករណីរឿងប្រាសាទព្រះវិហារដែលតម្រូវឱ្យកម្ពុជាប្ដឹងទៅតុលាការអន្តរជាតិនោះទេ។
លោកថា៖ «អ្នកដែលនិយាយស្នើទៅប្ដឹងតុលាការអន្តរជាតិ វាទាល់តែកិច្ចការហ្នឹងវាធំដុំណាស់ វាគ្រាន់តែតង់មួយ ប្ដឹងទៅតុលាការអន្តរជាតិ ឬក៏សំណង់ផុតទឹក ប្ដឹងទៅតុលាការអន្តរជាតិទេ។ បើអ៊ីចឹង តុលាការអន្តរជាតិងាប់ហើយ គ្មានពេលសម្រាកទេ គ្រប់តែប្រទេសគ្រាន់តែធ្វើតង់មួយប្ដឹងទៅតុលាការអន្តរជាតិ។ ប្រទេសទាល់តែបញ្ហាធំ ដូចនៅប្រាសាទព្រះវិហារ អាហ្នឹង [រឿងបោះតង់] រឿងកំប៉ិកកំប៉ុក យើងយកទៅបឹ្តងតុលាការអន្តរជាតិ។ ខ្ញុំថា កំប៉ិកកំប៉ុក អាអ្នកវិភាគថា ខ្ញុំមិនយកចិត្តទុកដាក់ទៀត ប៉ុន្តែមិនមែនទេ រឿងតុលាការអន្តរជាតិទាល់តែបញ្ហាហ្នឹងវាធំ»។
គណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់កាលពីខែមិថុនា ឆ្នាំ២០២០ ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក ភាគីវៀតណាមបានបោះតង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ទាំងតំបន់មិនទាន់ឯកភាពនិងតំបន់ឯកភាពគ្នារួច មានចំនួន២៥៦ទីតាំង។
កម្ពុជា-វៀតណាម មានព្រំប្រទល់ជាប់គ្នាប្រវែង១ ២៧០គីឡូម៉ែត្រ ដែលបច្ចុប្បន្នភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលព្រំដែន ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនបាន៨៤ភាគរយហើយ នៅសល់១៦ភាគរយទៀត នៅមិនទាន់ឯកភាពគ្នានៅឡើយ៕