សមត្ថកិច្ចយួនចាប់ប្រជានេសាទខ្មែរ២៥នាក់ ដែលចូលនេសាទនៅកោះត្រល់

ប្រជា​នេសាទ​ខ្មែរ​ចំនួន ២៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ដោះ​លែង​ឲ្យ​មក​ទឹកដី​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ឃាត់ខ្លួន​ពី​បទ​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ទឹកដី​វៀតណាម នៅ​តំបន់​កោះត្រល់​(​វៀតណាម​ហៅ​កោះ​ភូ​គុក​) និង​កោះ​ថាស ។​

​បើ​តាម The Cambodia Times បាន​បញ្ជាក់​ថា ក្រុម​ប្រជា​នេសាទ​ទាំង​២៥​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ដោះ​លែង​កាលពី​យប់​ថ្ងៃ​ទី​២៨ តុលា និង​បាន​មក​ដល់​ទឹកដី​កំណើត​ខ្លួន​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ២០២០ ។​

​ប្រភព​បន្ត​ថា ការ​ដោះ​លែង​ប្រជា​នេសាទ​ខ្មែរ​ទាំង​២៥​នាក់​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ជជែក​សម្រប សម្រួល​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​កែប នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក​កម្ពុជា និង​ភាគី​វៀតណាម នៅ​ចំណុច​កោះត្រល់ ។​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​ប្រជា​នេសាទ​ទាំង ២៥​នាក់ ដែល​ប្រើ​ទូក​នេសាទ​៥​គ្រឿង​នោះ ហើយ​ក៏​បាន​ណែនាំ​ឱ្យ​ក្រុម​ប្រជា​នេសាទ​ទាំង​២៥​នាក់ យល់ អំពី​ការ​កំណត់ព្រំដែន ហើយ​ឈប់​ចូល​ទៅ​នេសាទ​នៅ​ទឹកដី​គេ​តទៅ​ទៀត រួច​ក៏​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់ ទៅ​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​វិញ ៕