ព្យុះទី១៩ឈ្មោះ«ហ្គោនី GONI »បាននិងកំពុងមានសកម្មភាពនៅលើកណ្តាល ប្រទេសហ្វីលីពីនជាព្យុះទីហ្វុងកម្រិត៤ បន្ទាប់ពីបានឡើងដល់កម្រិតទី៥នៅមុន ពេលដើរកាត់លើប្រទេសនេះហើយវានឹងធ្លាក់ចូលក្នុងសមុទ្រចិនខាងត្បូងនៅ ព្រលឹមថ្ងៃទី០២ វិច្ឆិកាស្អែកនេះ ។ ព្យុះសង្ឃរានេះនឹងថមថយឥទ្ធិពលជាលំដាប់និងអាចទៅដល់ឆ្នេរភាគកណ្តាល ប្រទេសវៀតណាមនៅថ្ងៃទី០៤ វិច្ឆិកា ២០២០ក្នុងកម្រិតជាកូនព្យុះ ។
នេះបើតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិ យម ដែលប្រាប់បណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០១ វិច្ឆិកា ២០២០ ។
សូមបញ្ជាក់ថា ព្យុះ «ហ្គោនី Goni» បានបោកទៅលើកោះប្រទេសហ្វីលីពីន ក្នុងល្បឿនខ្យល់ ២២៥ គីឡូម៉ែត្រក្នុង ១ ម៉ោង ( តែល្បឿនខ្យល់កន្ត្រាក់មានដល់ ៣១០ គីឡូម៉ែត្រក្នុង ១ ម៉ោង ) ។ នេះជាខ្យល់ព្យុះធំបំផុតដែលបានបោកមកលើប្រទេសហ្វីលីពីន ចាប់តាំងពី ឆ្នាំ ២០១៣ មក ។
អាជ្ញាធរហ្វីលីពីន បានជម្លៀសមនុស្សជិត ១ លាននាក់ចេញពីមុខព្យុះ ក្នុងចំណោមប្រជាជនចន្លោះពី ១៩ ទៅ ៣១ លាននាក់ដែលត្រូវរងប៉ះពាល់ដោយព្យុះ Goni នេះ ។
គិតត្រឹមម៉ោង៣និង៣៥នាទីរសៀលថ្ងៃអាទិត្យដដែលនេះ មនុស្សយ៉ាងហោចណាស់២៥នាក់ ត្រូវបានអាជ្ញាធរហ្វីលីពីនប្រកាសរបាយការណ៍បឋមថាបានស្លាប់ ដោយសារគ្រោះធម្មជាតិព្យុះ«ហ្គោនី» ៕