ក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចបិទជាបណ្តោះអាសន្ន ពហុកីឡដ្ឋានជាតិអូឡាំពិក មិនឲ្យមានសកម្មភាពលេងកីឡា កាតហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ និងការចេញ-ចូល ពហុកីឡដ្ឋានជាតិអូឡាំំពិកចាប់ពីថ្ងៃទី០៨ វិច្ឆិកានេះតទៅ រហូតមានការជូនដំណឹងជាចក្រោយ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡាដែលចុះហត្ថលេខាដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំនៅថ្ងៃទី០៨ វិច្ឆិកា ២០២០នេះ បានពន្យល់អំពីមូលហេតុនៃការបិទមិនឲ្យមានសកម្មភាពលេងកីឡា ការហាត់ប្រាណនិងហ្វឹកនានាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកខាងលើនេះ ដោយសារមានកីឡាករ០២នាក់ និង បុគ្គលិកនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន០៥នាក់ បានប៉ះពាល់ផ្ទាល់និងដោយប្រយោលជាមួយនឹងបុរសខ្មែរ ឆ្លងកូវីដ-១៩ ដែលជាអង្គរក្សការពាររដ្ឋមន្ត្រីការបរទេសហុងគ្រី អំឡុងពេលទស្សនកិច្ចផ្លូវការកាលពីថ្ងៃទី០៣វិច្ឆិកា កន្លងទៅថ្មីៗនេះ ហើយក្រសួងកំពុងស្រាវជ្រាវបន្តរកជនដែលមានទំនាក់ទំនងជាមួយកីឡាករនិងបុគ្គលិកទាំង៨នាក់៕