ទីបំផុតទៅ ក្រសួងសុខាភិបាលបានសម្រេចបិទ មន្ទីរសម្រាកព្យាបាល«លី ស្រីវីណា »ដោយសំអាងថា គ្លីនិកនេះ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ ។
នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី០៦ វិច្ឆិកា ២០២០ និងដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី០៨ វិច្ឆិកានេះ ។
ជាការកត់សម្គាល់ ការបិទមន្ទីរសម្រាកព្យាបាល«លី ស្រីវីណា » ដែលគេស្គាល់ថាជារបស់លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើឡើងបន្ទាប់ពីមានមេធាវីម្នាក់ត្រូវបានគេអះអាងថាបានស្លាប់ដោយជំងឺគាំងបេះដូងនៅក្នុងគ្លីនិកខាងលើកាលពីថ្ងៃទី២៩ តុលា ២០២០កន្លងទៅថ្មីៗនេះ ។
មេធាវីដែលស្លាប់ នៅគ្លីនិក លី ស្រីវីណា ស្ថិតនៅផ្ទះ លេខ៣៣៩ A/B/C ផ្លូវ លេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនកាលពីថ្ងៃទី២៩ តុលានោះ ត្រូវបានគេស្គាល់ថាឈ្មោះ ទេព ពៅ ។
បើតាមប្រភពនានាបានបញ្ជាក់ថា នៅមុនពេលស្លាប់ លោកមេធាវី ទេព ពៅ ដែលមានអត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ហើយក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា ក្រោយមកគ្រូពេទ្យក៍បានដាក់សេរ៉ូម តែមិនបានបញ្ជាក់ថា ជាសេរ៉ូម(ថ្នាំ)អ្វីនោះទេ បន្ទាប់មកក៍ស្រាប់តែលោកមេធាវី ទេព ពៅ ស្លាប់និងត្រូវបានគេអះអាងថាដោយសារគាំងបេះដូង។
នៅម៉ោង១និង១៥នាទីថ្ងៃត្រង់ថ្ងៃអាទិត្យនេះ«អង្រុត» មិនអាចរកការសុំបញ្ជាក់តប ក៍ដូចជាបំភ្លឺជុំវិញការស្លាប់របស់លោកមេធាវី ទេព ពៅ ជាពិសេសការសម្រេចគ្លីនិកពីសំណាក់ក្រសួងសុខាភិបាលនាពេលនេះ ពីសំណាក់លោកស្រី លី ស្រីវីណា ក៍ដូចជាតំណាងគ្លីនិកខាងលើ ៕