ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ វិច្ឆិកា ២០២០ រាជធានី ខេត្តនៅតំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតនិងខាងត្បូងជាប់ព្រំដែនប្រទេសវៀតណាម នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីបង្គួរទៅច្រើន និងខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីតិចទៅបង្គួរ និងរលកសមុទ្រមានកម្ពស់មធ្យម ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីអាកាសធាតុរបស់ក្រសួងធនធានទឹក និង ឧតុនិយមរបស់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអាទិត្យនេះ ។
បើតាមសេចក្តីប្រកាសចុះថ្ងៃទី០៨ វិច្ឆិកាដដែលបានពន្យល់អំពីមូលហេតុដែលបង្កឲ្យតំបន់មួយចំនួនខាងលើមានភ្លៀងធ្លាក់ ដោយសារកម្ពុជារងឥទ្ឋិពលពីកូនព្យុះទី២១ឈ្មោះ «អេតូ ETAU» ដែលកូនព្យុះនេះកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះមកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួននៅថ្ងៃទី ១០ វិច្ឆិកា ។
ក្រសួងជំនាញបានបញ្ជាក់ឲ្យដឹងទៀតថា តាមការព្យាករព្យុះនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ពេលចូលដល់លើឆ្នេរភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី១០ វិច្ឆិកា ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) ពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅថ្ងៃទី១១ វិច្ឆិកា ។
នៅក្នុងសេចក្តីប្រកាសដដែល ក្រសួងធនធានទឹកនិងឧតុនិយម ក៍បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕