ក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចផ្អាកដំណើរការសិក្សារៀនសូត្រជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ និង នៅទីរួមខេត្តកណ្តាល។
បើតាមសេចក្តីជូនដំណឹងនៅល្ងាចថ្ងៃទី០៨ វិច្ឆិកា ២០២០ របស់ក្រសួងអប់រំយុវជននិងកីឡា បានពន្យល់ពីមូលហេតុនៃការបិទសាលារៀនទាំងរដ្ឋនិងឯកជននៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ វិច្ឆិកានេះ គឺដោយសារតែកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ប្រមាណ៩០០នាក់ ដែលមានការប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។
យ៉ាងណា ក្រសួងអប់រំក៍បានបញ្ជាក់ដែរថា ទោះបីផ្អាកការរៀននៅក្នុងថ្នាក់ ក៍គ្រឹះស្ថានសិក្សាត្រូវបន្តដំណើរការ បង្រៀន និងរៀនតាមប្រព័ន្ធ អេឡិចត្រូនិកជាធម្មតាដូចអំឡុងពេលនៃការបិទសាលានាពេលកន្លងមក ៕