ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ អនុសេនីយ៍ឯក សុខ សំណាង នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានជួយប្រាក់ចំនួន ១,២០០ដុល្លារ ជូនទៅលោក ហុក តាំងហុង សម្រាប់ជួយដល់ថ្លៃការបាត់បង់គ្រឿងរថយន្តមួយចំនួន ខណៈពេលរក្សាទុក នៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។
យោងតាមលិខិតកិច្ចព្រងព្រៀងបញ្ចប់វិវាទពាក់ព័ន្ធករណីបាត់សម្ភារៈរថយន្ត បានបង្ហាញថា ប្អូនប្រុសជាម្ចាស់រថយន្ត បានយល់ព្រមទទួលនិងបានយល់ព្រមបញ្ចប់បញ្ហាបាត់បង់គ្រឿងរថយន្ដនេះ ចាប់ពីថ្ងៃនេះតទៅ ។
សូមជម្រាបថា ម្ចាស់រថយន្តម៉ាកកាម៉េរីបាឡែនមួយគ្រឿង បានបង្ហោះវីដេអូ និងរូបភាពមួយចំនួន ដ៏សែនហួសចិត្ត បន្ទាប់ពីរថយន្តរបស់ខ្លួន ត្រូវគេលួចដោះគ្រឿងយកអស់គ្មានសល់ នៅត្រឹមតែម៉ាស៊ីន និងតួរថយន្ត ក្រោយរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល។
ម្ចាស់រថយន្ត មានគណនីហ្វេសប៊ុកឈ្មោះ Hok Tanghong បានបង្ហោះកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ អោយដឹងថា នេះហើយរថយន្ដរបស់ខ្លួន ដែលរក្សាទុកនៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ពេលយកមកមានគ្រឿងពេញ ដល់ពេលមកដករថយន្តវិញ ស៊ីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលីសអើយ ធ្លាប់តែលឺគេថា ឥឡូវជួបផ្ទាល់ខ្លួនឯង បានដឹង ។
បើតាមម្ចាស់រថយន្ត បាននិយាយនៅក្នុងវីដេអូ ថា រថយន្តនេះ បានបង្កគ្រោះថ្នាក់កាលពីឆ្នាំមុន ហើយត្រូវសមត្ថកិច្ចអូសយកមករក្សាទុក រង់ចាំការដោះស្រាយ ។ ដោយការដោះស្រាយ ត្រូវអូសបន្លាយពេល ទើបរថយន្តត្រូវរក្សាទុករហូតដល់ពេលនេះ ។
ក្រោយម្ចាស់មកត្រួតពិនិត្យឡើងវិញ ឃើញថា រថយន្តរបស់ខ្លួន ត្រូវដោះយកម៉ាញ៉េ កង់ ស្តុប តាប្លូ ប៊ូស៊ី អាគុយ និងគ្រឿងក្នុងមួយចំនួនទៀត ដែលអាចដោះបាន គឺដោះបាត់អស់គ្មានសក់ ពោលគឺនៅសល់តែតួ និងម៉ាស៊ីន ដូចក្នុងរូបភាព តែប៉ុណ្ណោះ ៕