រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈស្ត្រីម្នាក់ត្រូវប្តីតាមទាន់ដល់បន្ទប់ជួលជាមួយប្រុសថ្មី ហើយក៏ត្រូវប្តីបានខ្ទប់ទ្វារបន្ទប់ជាប់ពីក្រៅ រត់ទៅប្តឹងនគរបាលឱ្យចុះឃាត់ខ្លួននាំទៅសាកសួរ ។ ហេតុ ការណ៍កើតឡើងវេលាម៉ោងប្រមាណ២និង២០នាទីរសៀលថ្ងៃទី១៤ ឧសភា ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងតាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពបន្តថា ស្ត្រីដែលរងការចោទលួចមានសហាយរូបនេះ អាយុប្រមាណ៣០ឆ្នាំ និងប្តីអាយុប្រមាណ៣០ឆ្នា ំជាជាងភ្លើងនិងដែក ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកបុរសដែលលួចទាក់ទងប្រពន្ធគេពុំស្គាល់ឈ្មោះឡើយ មានលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមបុរសជាប្តីបានឱ្យដឹងថា ខ្លួននិងប្រពន្ធបានរៀបការរស់នៅជាមួយរយៈពេលប្រមាណ១០ឆ្នាំមកហើយពុំមានកូនចៅនោះទេ ដោយប្រពន្ធចេះតែយកលេសថា មិនទាន់ចង់បានកូន ។ នៅមួយរយៈចុង ក្រោយ គាត់បានធ្វើដំណើរទៅធ្វើការនៅខេត្តបាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូចជាសោះអង្គើយដែលគាត់សង្ស័យថា ទំនងជាលួចមានអ្នកថ្មី និងចេះតែបង្កទំនាស់នៅក្នុងគ្រួសារ ។ នៅក្នុងការទាស់ទែងក៏បានចោទប្រកាន់គ្នាទៅវិញទៅមកផងដែរ ។
បុរសជាប្តីបន្តទៀតថា នៅមុនពេលកើតហេតុ គាត់បានចាំឃ្លាំមើលស្ត្រីជាប្រពន្ធតាំងពីព្រឹក ហើយពេលប្រពន្ធចេញពីផ្ទះ គឺទៅជួបប្រុសសហាយដល់បន្ទប់ជួល និងបានឃើញអោបថើបគ្នាទៀតផង ។ ពេលនោះហើយ គាត់ខ្ទប់ទ្វារជាប់ ហើយទៅប្តឹងនគរបាលអោយឃាត់ខ្លួនតែម្តង។
បើតាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីតាមទាន់ប្រពន្ធមានសាហាយបែបនេះ នគរបាលបានចុះទៅនាំអ្នកទាំង៣នាក់មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ រួចបញ្ចូនបន្តទៅអធិដ្ឋាន ដើម្បីសួរនាំ។ ខណៈនោះ ប្តី មិនបានប្តឹងផ្តល់នោះទេ ហើយសុខចិត្តលែងលះគ្នាប្រគល់ប្រពន្ធអោយទៅប្រុសថ្មីនោះ ជាអ្នកមើលថែទាំ បន្ត។ ខណៈនោះ នគរបាលក៏បានណែនាំ កុំអោយមានអំពើហិង្សា ហើយអោយពួកគេ ទៅប្តឹងផ្តល់លែងលះគ្នាតាមផ្លូវច្បាប់នៅតុលាការ ។