សិស្ស​ស្រី​រៀន​ផ្នែក​អគ្គិសនី​ប្រាប់​ពី​ផល​លំបាក​ក្នុង​ការ​ប្រកួតប្រជែង​ការងារ​ជាមួយ​សិស្សប្រុស

រាជធានី​ភ្នំពេញ ៖ វា​ជា​រឿង​មួយ​កម្រ​កើត​មាន​ចំពោះ​ស្ត្រី​ដែល​ទៅ​រៀន​ជំនាញ​បច្ចេកទេសដូច​ជា ​ជាង​ម៉ូតូ ជាង​ឡាន និង​ជា​អគ្គិសនី​ជាដើម ព្រោះ​ជំនាញ​ទាំងនេះ​ភាគ​ច្រើ​គេ​សង្កេត ឃើញ​ថា​ជា​របស់​បុរស ក៏​ប៉ុន្តែ​សម័យនេះ បែរជា​ស្ត្រី​ចាប់អារម្មណ៍​លើ​ការ​សិក្សា​ជំនាញ ទាំងនេះ​ទៅ​វិញ ។ ជាក់ស្ដែង​ថ្ងៃនេះ​យើង សូម​លើកយក​ជំនាញ​មួយ គឺ​អគ្គិសនី ដែល​មាន សិស្ស​ស្រី​រៀន​ជំនាញ​នេះ ហើយ​ក៏​បាន​ប្រាប់​ពី​ផលវិបាក​ក្នុង​ការ​ស្វែងរក​ការងារ ។

កញ្ញា ចាន់ តារា ដែល​ជា​សិស្ស​ផ្នែក​អគ្គិសនី​នៃ​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ ខេត្ត​កែប បាន​និយាយ​ថា នាង ​គឺជា​និស្សិត​ឆ្នាំ​ទី២ ហើយ​កំពុង​សិក្សា​ផ្នែក​អគ្គិសនី ដែល​ជា​ផ្នែក មួយ​សុទ្ធតែ​ប្រុស​ៗ​រៀន​ដោយ​មាន​ស្រី​តែ​ពីរ​នាក់​ប៉ុណ្ណោះ ។

កញ្ញា​បាន​និយាយ​ទៀត​ថា​៖ «​ដោយសារ​តែ​ស្រលាញ់​ផ្នែក​វិទ្យាសាស្ត្រ​ពិត តាំងពី​នៅ​វិទ្យាល័យ​មក​ម្ល៉េះ ហើយ​មិន​មាន លទ្ធភាព​សិក្សា​នៅ​សាកលវិទ្យាល័យ នាង​ខ្ញុំ​ក៏​សម្រេចចិត្ត​រៀន​ផ្នែក​អគ្គិសនី នៅ​ក្នុង​សា លា​បច្ចេកទេស​ដុន​បូ​ស្កូ ខេត្ត​កែប​តែ​ម្ដង​ទៅ​» ។

កញ្ញា​បន្ត​ទៀត​ថា កាល​នៅ​រៀន គឺ​នាង​ចូល​ចិត្ត​រៀន​ផ្នែក​គីមី រូបវិទ្យា និង​គណិត​វិ ទ្យា ដែល​ជា​មុខ​វិជ្ជា​ទាក់ទង​នឹង​ជំនាញ​អគ្គិសនី ដូច្នេះ​ហើយ​នាង​ក៏​សម្រេចចិត្ត​ដាក់​ពាក្យ ចូល​សិក្សា​ផ្នែក​នេះ​តែ​ម្ដង ។ ការ​សិក្សា​ផ្នែក​នេះ បើ​និយាយ​ពី​ទ្រឹស្តី គឺ​មិន​ពិបាក​ទេ តែ​អ្វី ដែល​ពិបាក គឺ​នៅ​ពេល​អនុវត្តន៍ ដោយសារ​តែ​ជំនាញ​នេះ​ត្រូវការ​ឡើង​ត​ភ្លើង ត​អំ​ពូ​ល ហើយ​ត្រូវ​ឡើង​ជាន់​ជណ្ដើរ​ទៀត​ផង ដែល​ការងារ​នេះ​មនុស្ស​ស្រី​ពិតជា​ពិបាក​ក្នុង​ការ​រៀន ក៏​ប៉ុន្តែ​ដោយសារ​តែ​ការ​តាំងចិត្ត​របស់​នាង នាង​ជិត​នឹង​បញ្ចប់​ការ​សិក្សា ហើយ​ចេញ​រក​ការ ងារ​ធ្វើ​នៅ​ខាងក្រៅ​ហើយ​ផង​ដែរ ។

ចាន់ តារា បន្ថែម​ថា ឧបសគ្គ​ប្រាកដជា​មាន ក៏​ប៉ុន្តែ​ការ​តាំងចិត្ត​និង​ប្រឹងប្រែង​ដើម្បី គោលដៅ គឺជា​អ្វី​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវធ្វើ​ឱ្យ​បាន ។ ខ្ញុំ​បាន​តាំងចិត្ត​រួច​ហើយ ទោះបីជា មាន​បញ្ហា​លំបាក​យ៉ាងណា​ក៏​ដោយ គឺ​ត្រូវ​តែ​ជំនះ​វា​ឱ្យ​បាន ហើយ​អ្វី​ដែល​មនុស្ស​ប្រុស​ធ្វើ បាន មនុស្ស​ស្រី​ក៏​អាច​ធ្វើ​បាន​ដែរ ត្រឹមតែ​រៀន​ជំនាញ​បច្ចេកទេស​វា​មិន​ពិបាក​នោះ​ទេ សម្រាប់​មនុស្ស​ស្រី ព្រោះថា​ជំនាញ​នេះ វា​កំពុង​មាន​ទីផ្សារ គ្រាន់តែ​ទីផ្សារ​ភាគច្រើន​សំដៅ លើ​មនុស្ស​ប្រុស ។

លោក ទ្រី សីហា នាយក​សាលា និង​ជា​គ្រូ​ជំនាញ​អគ្គិសនី​ផង​ដែរ នោះ​បានឱ្យ​ដឹងថា និយាយ​ឱ្យ​មែនទែន​ទៅ សិស្ស​ស្រី​គាត់​មាន​បញ្ហា​នៅ​ពេល​ចុះ​អនុវត្តន៍​ការងារ​ជាក់ស្ដែង ព្រោះ​ត្រូវការ​ឡើង​ដំបូលផ្ទះ ឡើង​បង្គោល​ភ្លើង និង​ត្រូវ​ត​ខ្សែភ្លើង​ជាក់ស្ដែង ។ ប៉ុន្តែ​បើ​និ យាយ​ពី​ទ្រឹស្តី​វិញ ឃើញ​ថា​សិស្ស​ប្រុស និង​សិស្ស​ស្រី មានការ​ប្រកួតប្រជែង​គ្នា ហើយ​ពេ ល​ខ្លះ​សិស្ស​ស្រី​មាន​សមត្ថភាព​ខ្លាំង​ជាង​សិស្ស​ប្រុស​ផង ។

លោក​បន្ត​ទៀត​ថា ចំណែក​ទីផ្សារ​ការងារ​ខាងក្រៅ សិស្ស​ស្រី ក៏​ពិបាក​ស្វែងរក​ការ ងារ​ធ្វើ​ដែរ គឺ​ដាក់​ពាក្យ ១០​កន្លែង គេ​ទទួល​តែ ១ ឬ ២ កន្លែង​ប៉ុណ្ណោះ ព្រោះ​និយោជក​គិត ថា វា​មិនមែន​ជា​ការងារ​ខាង​ស្រី​ដែល​ត្រូវធ្វើ ក៏​ប៉ុន្តែ​បើសិន​មានការ​ជ្រើសរើស​បុគ្គលិក​ពី អគ្គិសនី​កម្ពុជា សិស្ស​ស្រី​អាច​មាន​អាទិភាព ជាក់ស្ដែង​មាន​សិស្ស​ស្រី​ម្នាក់​ហើយ​បាន​ជាប់ បម្រើ​ការងារ​នៅ​អគ្គិសនី​កម្ពុជា ជា​អ្នកត្រួតពិនិត្យ​ផ្នែក​ប្រតិបត្តិ​ករ ( Operator ) និង​មិន​ត្រូវ ចេញ ទៅ​ប្រឡូក​នៅ​ក្នុង​ការងារ​ជាក់ស្ដែង​នោះ​ទេ ។

លោក​បន្ថែម​ថា សាលា​បច្ចេកទេស​ដុន​បូ​ស្កូ តែងតែ​លើកទឹកចិត្ត​ដល់​សិស្ស​ស្រី ឱ្យ ចូល​រៀន​ជំនាញ​បច្ចេកទេស ហើយ​ឱ្យ​តែ​សិស្ស​ស្រី​ដាក់​ពាក្យ​ចូល​រៀន គឺ​នឹង​ទទួល ដើម្បី លើកកម្ពស់​សមភាព​យែ​ន​ឌ័​រ​នៅ​កម្ពុជា ។ គិត​មក​ដល់​បច្ចុប្បន្ន​នេះ សាលា​បច្ចេកទេស​ដុន បូ​ស្កូ​ខេត្ត​កែប បាន​បណ្ដុះបណ្ដាល​សិស្ស​ស្រី​ជំនាញ​បច្ចេក​អគ្គិសនី​ចំនួន ១០​នាក់​ហើយ ដោយ​បាន​បញ្ចប់​ការ​សិក្សា ៥​នាក់ និង​កំពុង​សិក្សា ៥​នាក់​ទៀត ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ជំនាញ​បច្ចេកទេស​ពិតជា​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ជំ រុញ​ឱ្យ​សិស្សានុសិស្ស​គួរ​ចាប់អារម្មណ៍​លើ​ជំនាញ​បច្ចេកទេស ។ ថ្វី​ត្បិត​តែ​វា ពិបាក និង​ត្រូវ ធ្វើការ​នៅ​ខាងក្រៅ​ពិតមែន តែ​ជំនាញ​នេះ វា​ផ្ដល់​អត្ថប្រយោជន៍ និង​ចំណូល​ខ្ពស់​សម្រាប់ អ្នក​ដែល​ចេះ​ពិតប្រាកដ ៕ កែសម្រួលដោយ ៖ សុឃាក់