ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១៣ ឧសភា កម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុង សហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការនាំបុរសម្នាក់ឈ្មោះព្រលឹង សំរេច ស៊ិនវុឌ្ឍី ហៅតាលៀង ដែលមានឈ្មោះដើម ស៊ីម ឈុនលៀង ភេទប្រុស អាយុ៥៦ឆ្នាំ ជាអ្នកសារព័ត៌មាន៣ស្ថាប័ន (មរតកតេជោ ,អំណាចប្រជាជន,និងការពិត) មានទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាបខេត្តសៀមរាប ដែលបានធ្វើសកម្មភាពប្រើប្រាស់ទូរស័ព្ទហៅទៅម្ចាស់អាជីវកម្មមួយកន្លែងនៅស្រុកក្រឡាញ់ ដោយប្រាប់គេថា «ខ្លួនជាមន្ត្រីបរិស្ថានខេត្ត និងមានបញ្ជាពីថ្នាក់ដឹកនាំខេត្ត ឱ្យជួយដោះស្រាយលុយខ្លះ បើមិនអញ្ចឹងទេនឹងឱ្យក្រុមការងារចុះត្រួតពិនិត្យអាជីវកម្ម កាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០២០» ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹង នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៤ ឧសភា ថា ក្រោយពីបានទទួលពាក្យបណ្តឹងពីតំណាងមន្ទីរបរិស្ថានខេត្តសៀមរាប និងមានការឯកភាពឱ្យស្រាវជ្រាវពីលោកស្នងការនគរបាលខេត្តហើយ ដោយមានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីបានឃាត់ខ្លួន ជនសង្ស័យត្រូវបានតុលាការចោទពីបទក្លែងបន្លំ និងកំហែងយក ។ ការសាកសួរ សាមីខ្លួនបានឆ្លើយសារភាព ថា ខ្លួនពិតជាបាន ធ្វើសកម្មភាពមែន ។សកម្មភាពនេះ ជាសកម្មភាពនាំឱ្យប៉ះពាល់ដល់មន្ទីរបរិស្ថានខេត្ត និងថ្នាក់ដឹកនាំខេត្តផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធីច្បាប់៕