ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ ប្រើពូថៅ គំរាមប្លន់យកខ្សែកផ្លាទីន ពីនារីរងគ្រោះម្នាក់ ត្រូវបានកម្លាំងប្រជាពលរដ្ឋប្រដេញចាប់បាន ប្រគល់ឲ្យនគរបាលក្រុងសៀមរាប នៅម៉ោង១៤និង២០នាទីថ្ងៃទី១៤ ឧសភា ២០២០ ស្ថិតនៅរោងចាំ ចំការដាំឈូកក្នុងភូមិ ស្វាយព្រៃ សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
បើតាមប្រភពពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រ៉េត សារួម ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ។
លោកអធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា មុនពេលកើតហេតុ នារីរងគ្រោះឈ្មោះ ស៊ឹង ឡាំងគឿ អាយុ២០ឆ្នាំ កំពុងនៅនឹងរោងជាមួយប្អូនស្រីឈ្មោះ វ័រ រដ្ឋា អាយុ១៩ឆ្នាំ ខណៈនោះជនសង្ស័យ រ៉េត សារួម បានជិះម៉ូតូ០១គ្រឿង ម៉ាកសង់ស៊េរីចាស់មកឈប់ពីមុខរោង ហើយដើរចូលសំដៅមករកជនរងគ្រោះ និងប្អូនស្រី ពេលនោះជនសង្ស័យប្រទះពូថៅរបស់ជនរងគ្រោះទុកនៅនឹងជណ្ដើរ ក៏កាន់យកមកគំរាមជនរងគ្រោះឲ្យដោះខ្សែកផ្លាទីន តម្លៃ១៥០ដុល្លារ ប៉ុន្តែដោយសារនារីរងគ្រោះដោះយឺតពេក ជនសង្ស័យក៏កន្ត្រាក់យក ត្រូវបានប្អូនស្រីរបស់នារីរងគ្រោះស្រែកឆោឡោឡើងថា ចោរៗ ឮដល់អ្នកជិតខាង ផ្អើលអ្នកភូមិ ធ្វើឲ្យជនសង្ស័យភិតភ័យរត់ឡើងជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវអ្នកភូមិជិះម៉ូតូដេញតាមបានប្រហែល ៣គីឡូម៉ែត្រ ជនសង្ស័យបានគប់ខ្សែកនោះចោលតាមផ្លូវ (បាត់បង់) ពេលជនសង្ស័យជិះដល់ត្រង់ចំណុចមុខវត្តចក ត្រូវបងប្អូនប្រជាពលរដ្ឋជិះតាមផ្លូវ នាំគ្នាជួយចាប់ និងបានប្រគល់ឲ្យសមត្ថកិច្ច ។
បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ធ្វើការផ្ដន្ទាទោសតាមច្បាប់ ក្រោយបានឆ្លើយសារភាព រូបគេបានប្រព្រឹត្តសកម្មភាពប្លន់ពិតប្រាកដមែន ៕