រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងសំនៀងរ៉ៃកណ្តឹង កញ្ញា ពៅ បញ្ញាពេជ្រ មួយរយៈចុងក្រោយនេះត្រូវបានគេមើលឃើញថា នាងបានចេញមុខជារឿយៗតាមរយៈការឡាយលក់ផលិតផលតាមអនឡាញ ក្នុងពេលដែលនាងហាក់បង្ហាញតម្រុញពីបញ្ហាសុខភាពកាន់តែធូរស្បើយជាងមុន។
តាមរយៈវីដេអូដែលកញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះតាមហ្វេសប៊ុកនោះបង្ហាញថា នាងបានប្រែក្លាយពីភាពអាប់អួរមកភាពស្រស់ថ្លា ជាមួយនឹងរូបសម្រស់នៅតែស្រស់ស្អាតដដែល បើទោះបីជាពេលនេះនាងមិនអាចដើររួចដោយត្រូវតែអង្គុយតែនៅលើរទះរុញក៏ដោយ។
ពាក់ព័ន្ធបញ្ហាសុខភាពនេះដែរ ម្ចាស់បទ «ស្នេហ៍គ្មានលក្ខខ័ណ្ឌ» កញ្ញា ពៅបញ្ញាពេជ្រ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចយ៉ាងខ្លីថា រហូតមកទល់ពេលនេះសុខភាពរបស់នាងល្អ ពោលគឺមិនមានធ្វើទុក្ខច្រើនដោយមុនឡើយ ប៉ុន្តែនាងនៅតែសម្រាកព្យាបាលតាមការណែនាំរបស់ក្រុមគ្រូពេទ្យដដែល។
ទោះបីជាយ៉ាងណា កញ្ញាពៅ បញ្ញាពេជ្រ មិនបានបញ្ជាក់ឲ្យបានលម្អិតទៅលើបញ្ហាសុខភាពរបស់ខ្លួនក៏ដោយ ប៉ុន្តែបើក្រឡេកមើលសភាពដែលនាងបានបង្ហាញមុខតាមបណ្តាញសង្គមហ្វេសប៊ុកនោះ ឃើញថា នាងបានប្រែមកភាពស្រស់បោះឡើងវិញ ជាពិសេសនោះ នាងថែមទាំងអាចបង្ហើរសំនៀងបានដូចដើម ខុសប្លែកកាលពីមុន ដែលនាងមានអាការៈធ្វើទុក្ខត្រង់កន្លែងស្នាមរបួស និងមានភាពហត់ពិបាកដកដង្ហើម។
ជាការកត់សម្គាល់ កញ្ញាពៅ បញ្ហាពេជ្រ បានបង្កើតនូវគណនេយ្យហ្វេសប៊ុកមួយផ្ទាល់ខ្លួន ដើម្បីលក់ផលិតផលតាមអនឡាញមានដូចជាសម្លៀកបំពាក់ និងគ្រឿងសម្អាងមួយចំនួនទៀត ក្នុងពេលដែលការចាប់ផ្តើមមុខជំនួញថ្មីរបស់នាងនាពេលនេះក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)