មន្ត្រីជាន់ខ្ពស់មួយចំនួនដែលបានប៉ះពាល់រដ្ឋមន្ត្រីការបរទេសហុងគ្រី បានអញ្ជើញទៅចូលរួមពិធីអាពាហ៍ពិពាហ៍និងពិធីផ្សេងៗទៀតកាលពីថ្ងៃសៅរ៍ អាទិត្យ ។ ក្រៅពីមន្ត្រីជាន់ខ្ពស់មួយចំនួនបានទៅចូលរួមមង្គលការ ក៍មានភរិយារបស់មន្ត្រីជាន់ខ្ពស់មួយចំនួនដែលខ្លួនបានប៉ះពាល់ដោយប្រយោលជាមួយស្វាមីដែលប៉ះពាល់រដ្ឋមន្ត្រីការបទេសហុងគ្រីមានមេរោគកូវីដ១៩ ក៍បានទៅចូលរួមក្នុងពិធីផ្សេងៗមានមនុស្សចូលរូមច្រើនផងដែរ ។
នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសារពិសេសបន្ទាន់មួយកាលពីម៉ោងប្រមាណជិត១០ថ្ងៃទី០៩ វិច្ឆិកា ២០២០ ក្រោយដែលមានតំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់ខ្មែរ និង ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ត្រូវបានក្រសួងសុខាភិបាលរកឃើញមានផ្ទុកមេរោគកូវីដ១៩ ។
នៅក្នុងសារអំពាវនាវជាសម្លេងកាលពីយប់មិញផងដែរ លោកប្រមុខរាជរដ្ឋាភិបាលក៍បានទទូចអង្វរដល់អ្នកពាក់ព័ន្ឋនឹងព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវបំផុត និងចេញបទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានតាមដានអ្នកធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ ពិសេសកងកម្លាំងត្រូវការពារឲ្យបានតឹងរឹងបំផុតចំពោះអ្នកធ្វើចត្តាឡីស័ក ។ ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៍បានបញ្ជាឲ្យកងកម្លាំងប្រើវិធានការចាប់បង្ខំដោយអញ្ជើញអ្នកប៉ះពាល់ផ្ទាល់និងប្រយោលក្តីជាមួយប្រតិភូការបរទេសហុងគ្រីទាំងអស់ទៅកាន់ទីកន្លែងធ្វើចត្តាឡីស័កដែលរៀបចំដោយក្រសួងសុខាភិបាល ។
បើតាមលោក ហ៊ុន សែន រាជរដ្ឋាភិបាលបានត្រៀមបន្ទប់ចំនួន៤០០នៅសណ្ឋាគារសុខាទល់មុខព្រះបរមរាជវាំងត្រើយខាងកើត ប៉ុន្តែលោកថាមកទល់នឹងយប់មិញនេះមានអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារដែលគេដឹងថាជារបស់លោកឧកញ៉ា សុខ គង់នោះ ត្រឹមតែ១០នាក់ប៉ុណ្ណោះ ។
ដោយព្រមានជាមុនអំពីគ្រោះមហន្តរាយសម្រាប់ជាតិទាំងមូល ប្រសិនបើធ្វើប្រហែស ពិសេសការធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ បណ្តាលឲ្យរីករាលដាលចូលក្នុងសហគមន៍ លោកប្រមុខរាជរដ្ឋាភិបាលដែលកំពុងតែធ្វើចត្តាឡីស័កដែរនោះ ក៍បានបញ្ជាក់ដែរថា លោកកំពុងគិត ថាតើត្រូវប្រកាសបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេសឬទេ ព្រោះច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នមាននៅក្នុងដៃលោករួចហើយ ដែលលោកអាចនឹងដាក់ស្នើថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ប្រទេសជាតិក្នុងផ្នែកណាមួយ ឬទីក្រុងភ្នំពេញ ឬក្នុងប្រទេសទាំងមូលក្នុងគ្រាមានអាសន្ន តែលោកបញ្ជាក់ថា លោកមិនចង់ដល់ចំណុចនោះទេ(ដាក់ប្រទេសក្នុងគ្រាមានអាសន្ន) ព្រោះវាប៉ះពាល់ដល់សិទ្ឋិសេរីភាពមនុស្សច្រើនគ្នា ៕