ពលរដ្ឋត្រូវដឹងថាត្រូវធ្វើយ៉ាងម៉េចខ្លះហើយ ក្រោយតំណាងរាស្រ្តនិងមន្រ្តីជាន់ខ្ពស់ឆ្លងកូវីដ១៩

ស្ថានភាព​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​និយាយ​ដោយឡែក គឺ​បាន​និង​កំពុង​ស្ថិត​ក្នុង​ក្តី​បារម្ភ​បំផុត​ពី​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍ ក្រោយ​ពេល​ដែល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​កាលពី​ព្រលប់​ថ្ងៃនេះ​ថា​តំណាងរាស្ត្រ​និង​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម ក៍​ដូច​ជា​ឯក​អគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​និង​វៀតណាម​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។​

​ក្តី​បារម្ភ​ខាងលើ មិន​ត្រឹមតែ​ក្រុម​អ្នក​តាមដាន​សង្គម​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នោះ​ទេ សូ​ម្បី​តែ​លោកនាយក​រដ្ឋ​ន្ត្រី ហុ​ន សែន ក៍​បារម្ភ​ជាង​នេះ​ទៀត ដោយ​លោក​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ទៅ​លើ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពី​ដឹង​ថា​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​ដែល​មក​ទស្សនកិច្ច​ផ្លូវការ​កាលពី​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០២០ ឆ្លង​កូ​វី​ដ​១៩ អង្គរក្ស​ការពារ​ប្រតិភូ​ជាន់ខ្ពស់​ហុង​គ្រី​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​នោះ​រួច​មក រហូត​ដល់​លោក ហ៊ុន សែន បាន​ហៅ​ករណី​នេះ​ថា​ជា​«​ព្រឹត្តិការណ៍​៣​វិច្ឆិកា​»​នោះ​ថែម​ទៀត ។​

«​អង្រុត​» មិន​ចាំបាច់​រៀបរាប់ ឬ លើកយក​នូវ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​បញ្ហា​កូ​វី​ដ​១៩​មក​បង្ហាញ​ឲ្យ​ខាត​ពេល​វេលា​​នោះ​ទេ សំខាន់​អ្នក​ដែល​ដឹងខ្លួន​ថា​មានការ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល​ក្តី​ជាមួយ​អ្នក​ដែល​ឆ្លង​កូ​វី​ដ​១៩ ត្រូវ​ប្រញាប់​ទៅ​ធ្វើតេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​(​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​និង​សហគមន៍​) ហើយ​បើ​គ្មាន​ល​ទ្ឋ​ភាព​ទេ​គឺ​រាជរដ្ឋាភិបាល​ជា​អ្នករ៉ាប់រង​ទាំងអស់ ។ ចំណែក​ពលរដ្ឋ​ដែល​ពុំ​មាន​មេរោគ​កូ​វី​ដ​១៩ គឺ​ត្រូវ​តែ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ជា​ចាំបាច់​ដូច​ជា​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​ប្រើ​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល ខ្ទប់មាត់ និង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស​ជូត​មាត់ នៅ​ពេល​ក្អក​ឬ​កណ្តាស់ ហើយ​បោះចោល​ក្រដាស​ជូត​មាត់​ទៅ​ក្នុង​ធុងសំរាម​បិទ​ជិត​ជៀសវាង​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ដែល​មាន​រោគ​សញ្ញា​ដូច​ជា ផ្តាសាយ ឬ​គ្រុនក្តៅ​ទៅ​ជួប​គ្រូពេទ្យ​ប្រសិន​បើ​អ្នក​ក្តៅខ្លួន ក្អក ឬ​មាន​អារម្មណ៍​ថា​ពិបាក​ដកដង្ហើម និង​ការ​រក្សា​គម្លាត​ជាដើម ។​

​សូម​រួម​គ្នា​ជួយ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​១៩​ទាំងអស់​គ្នា ដើម្បី​គ្រួសារ​និង​សហគមន៍​គ្មាន​កូ​វី​ដ​១៩ ៕