រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយដោយបញ្ជាក់ជាផ្លូវការ នៅមុននេះ អោយដឹងថា មានមន្ត្រីចំនួន ៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពីមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រី ការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីដើមខែវិច្ឆិកា ។
មន្ត្រីទាំង៣រូប ដែលរកឃើញវិជ្ជមានកូវីដ១៩រួមមាន ៖ ទី១ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។ ទី២ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទី៣ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា ។
ក្រុមការងារក្រសួងសុខាភិបាល កំពុងបន្តការយកវត្ថុសំណាកអ្នកប៉ះពាល់លើកទី២ និងកំពុងរងចាំលទ្ធផល ដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់ នៅពេលធ្វើការវិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងនឹងបន្តជូនដំណឹងជូនសាធារណជនបន្តទៀត នៅពេលទទួលបានលទ្ធផលជាបន្តបន្ទាប់ និងប្រសិនបើមានការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធទៅនៃព្រឹត្តការណ៍០៣ វិច្ឆិកា ២០២០នេះ ៕