លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកនៅជាមួយលោកទាំងអស់ គឺលទ្ឋផលនៃការធ្វើតេស្តលើកទី២នៅថ្ងៃទី០៩ វិច្ឆិកានេះ បានបង្ហាញថា លោកនិងអ្នកប៉ះពាល់លោកទាំងអស់ ពុំមានមេរោគកូវីដ១៩នោះទេ ។
នេះបើយោងតាមលោក ហ៊ុន សែន ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់លោកនៅប៉ុន្មាននាទីមុននេះ ។
យ៉ាងណានៅលើបណ្តាញសង្គមដដែល លោកប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា លោកត្រូវធ្វើចត្តាឡីស័កបន្តទៀត និង រង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨ វិច្ឆិកា។
ជាមួយគ្នានេះដែរ លោកប្រមុខរាជរដ្ឋាភិបាលបានបន្តថា «ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការណ៍៣វិច្ឆិកា) ។ ព្រឹត្តិការណ៍(៣វិច្ឆិកា)នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមាន ឬ អវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត ។»។
នៅលើផេករបស់លោកដដែល លោក ហ៊ុន សែន ក៍បានចេញបទបញ្ជាអោយក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ ត្រូវអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាល ឬ កងរាជអាវុធហត្ថអោយបានហ្មត់ចត់ ។
លោកនាយករដ្ឋមន្ត្រី ថាវិធានការនេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកាអោយបានឆាប់តាមរយៈកុំអោយកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ វិច្ឆិកានេះ អ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីនិងគណៈប្រតិភូអមដំណើរគឺសរុបជិត៩០០នាក់ ត្រូវបានធ្វើតេស្តលើកទី២ ដើម្បីរកមេរោគកូវីដ១៩ ។ ចំពោះលទ្ឋផលនៅពេលនេះ គឺទើបតែឃើញលទ្ឋផលល្អសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកប៉ះពាល់លោក ហើយអ្នកផ្សេងទៀតក្នុងនោះមានទាំងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អាចនឹងដឹងលទ្ឋផលនៅយប់នេះ ឬ ថ្ងៃស្អែក ៕