អតីតអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ហុក ឡងឌី បានទទួលមរណភាពកាលពីយប់ថ្ងៃអាទិត្យ ទី០៩ វិច្ឆិកា ២០០៨ ក្នុងជន្មាយុ៥១ឆ្នាំ ដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅខេត្តស្វាយរៀង។
យោងតាម វិគីភីឌា លោក ហុក ឡងឌី កើតនៅឆ្នាំកុរ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៥៧ នៅទីរួមខេត្តស្វាយរៀង ជាកូនក្នុងគ្រួសារយោធាមួយ មានឪពុកឈ្មោះ ហុក ណាំ ម្ដាយឈ្មោះ មុំ អូន។
លោកឧត្ដមសេនីយ៍ ហុក ឡងឌី មានបងប្អូនបង្កើត៣នាក់ ហើយលោកជាកូនទី២។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម លោក ហុក ឡងឌី រស់នៅភូមិតាពៅ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៧ លោក ហុក ឡងឌី បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ហើយនៅថ្ងៃទី០២ មីនា ឆ្នាំ១៩៧៨ បានចូលរួមក្នុងកងស៊ើបអង្កេតនៃកងទ័ពរំដោះជាតិរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ។
ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពវៀតណាមចូលមកក្នុងទឹកដីខ្មែរ ហើយផ្ដួលរំលំរបបខ្មែរក្រហមនោះ លោក ហុក ឡងឌី ត្រូវបានដំឡើងឋានៈជាបន្តបន្ទាប់ដូចតទៅ ៖
លោក ហុក ឡងឌី ត្រូវបានតែងតាំងជាប្រធានចាត់តាំងខេត្តស្វាយរៀង និងបានក្លាយជាប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តស្វាយរៀង នៅឆ្នាំ១៩៨៧ ។
នៅឆ្នាំ១៩៩០ លោក ហុក ឡងឌី ត្រូវបានតែងតាំងជាអនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនក្រុងភ្នំពេញ។នៅខែមករា ឆ្នាំ១៩៩៤ លោក ហុក ឡងឌី ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង ហើយនៅខែកញ្ញា ឆ្នាំ១៩៩៤ លោកបានទទួលភារកិច្ចជាអគ្គស្នងការនគរបាលជាតិរហូតមកទល់ពេលដែល លោកទទួលមរណភាព។
នៅខែមករា ឆ្នាំ១៩៩៧ លោក ហុក ឡងឌី ត្រូវបានមហាសន្និបាតវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជាសម្រេចបោះ ឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការកណ្ដាលនិងក្លាយជាសមាជិក អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅឆ្នាំ ២០០១។
លោកឧត្ដមសេនីយ៍ ហុក ឡងឌី ធ្វើជាអគ្គស្នងការនគរបាលជាតិចំនួន១៤ឆ្នាំ ហើយជាសមាជិកជាន់ខ្ពស់បំផុតក្នុងលំដាប់លេខរៀងទី២០ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ។
លោក ហុក ឡងឌី មានភរិយាឈ្មោះ ម៉ែន ភក្ដី មានកូនចំនួន៥នាក់ ប្រុស៣ ស្រី២។
កូនប្រុសស្រីរបស់លោក ហុក ឡងឌី ពីររូប បានក្លាយជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះគឺលោក ឌី វិជ្ជា បច្ចុប្បន្នជាអគ្គស្នងការរងនគរបាលជាតិ និងជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា និង កូនស្រីរបស់លោក ហុក ឡងឌី គឺលោកស្រី ហុក ជិនដាវី ជាភរិយាលោក ហ៊ុន ម៉ានិត ៕