អ្នកការទូតកម្ពុជាចំនួន២រូប និងបុគ្គលិកក្នុងស្រុកចំនួន០២រូប នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ត្រូវបានធ្វើតេស្តរកឃើញឆ្លងមេរោគកូវីដ-១៩ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលចេញផ្សាយជាសាធារណៈនៅប៉ុន្មាននាទីមុននេះ ក៍បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។
ក្រៅពីនេះស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស៍ នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។
សេចក្តីប្រកាសដដែលបានបន្ថែមទៀតថា ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារាំង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុកទាំងបួននាក់ខាងលើ ដោយយកចិត្តទុកដាក់បំផុត៕