បុរសម្នាក់ដែលត្រូវគេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក បានគ្រងឯកសណ្ឋានជាមន្ត្រីនគរបាលនិងមានឋានន្តរស័ក្តិវរៈសេនីយ៍ឯក(ស័ក្តិ៥) ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Try SeangHai ចោទប្រកាន់ថា បានជំពាក់លុយខ្លួន៣០០ដុល្លារ មិនសង ។
យ៉ាងណា គណនីដដែលមិនបានបញ្ជាក់អំពីឈ្មោះ និង តួនាទីរបស់មន្ត្រីនគរបាលខាងលើនេះទេ គ្រាន់តែនៅលើសារឆ្លើយឆ្លងគ្នាអំពីការខ្ចីប្រាក់ គេឃើញមន្ត្រីនគរបាលនោះ ប្រើគណនីឈ្មោះ ភុំ ទូច តែប៉ុណ្ណោះ ។
បើតាមគណនីឈ្មោះ Try SeangHai មន្ត្រីនគរបាលដែលប្រើគណនីឈ្មោះ ភុំ ទូច នោះ មិនត្រឹមតែមិនសងប្រាក់ ៣០០ដុល្លារនោះទេ ថែមទាំងគំរាមអ្នកឲ្យលុយខ្ចី(ម្ចាស់បំណុល)និងប្រើពាក្យពេចន៍អសុរោះនោះថែមទៀត ។
ជុំវិញការចោទប្រកាន់របស់គណនីខាងលើនិងបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៨ វិច្ឆិកាម្សិលមិញនេះ នៅម៉ោង១២និង៣៣នាទីថ្ងៃត្រង់ ថ្ងៃទី០៩ វិច្ឆិកា ២០២០ «អង្រុត» មិនអាចរកការឆ្លើយបំភ្លឺតបបានទេពីម្ចាស់គណនីឈ្មោះ ភុំ ទូច ដែលគណនីឈ្មោះ Try SeangHai ចោទថាបានខ្ចីលុយ៣០០ដុល្លារមិនសងហើយ ថែមទាំងជេរនិងគំរាមថែមទៀត ៕