មន្រ្តីមួយចំនួនដែលប៉ះពាល់ប្រមុខការទូតហុងគ្រី ទៅចូលរួមមង្គលការ

មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ដែល​បាន​ប៉ះពាល់​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​អាពាហ៍​ពិពាហ៍​​និង​ពិធី​ផ្សេង​ៗ​ទៀត​កាលពី​ថ្ងៃ​សៅរ៍ អាទិត្យ ។ ក្រៅពី​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​បាន​ទៅ​ចូលរួម​មង្គលការ ក៍​មាន​ភរិយា​របស់​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ដែល​ខ្លួន​បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​ស្វាមី​ដែល​ប៉ះពាល់​រដ្ឋមន្ត្រី​ការ​បទេស​ហុង​គ្រី​មាន​មេរោគ​កូ​វី​ដ​១៩ ក៍បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ផ្សេង​ៗ​មាន​មនុស្ស​ចូល​រូ​ម​ច្រើន​ផង​ដែរ ។​

​នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សារ​ពិសេស​បន្ទាន់​មួយ​កាលពី​ម៉ោង​ប្រមាណ​ជិត​១០​ថ្ងៃ​ទី​០៩ វិច្ឆិកា ២០២០ ក្រោយ​ដែល​មាន​តំណាងរាស្ត្រ​និង​មន្ត្រីជាន់ខ្ពស់​ខ្មែរ និង ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។​

​នៅ​ក្នុង​សារ​អំពាវនាវ​ជា​សម្លេង​កាលពី​យប់មិញ​ផង​ដែរ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ក៍បាន​ទទូច​អង្វរ​ដល់​អ្នក​ពាក់​ព័​ន្ឋ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត និង​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់ ពិសេស​កងកម្លាំង​ត្រូវ​ការពារ​ឲ្យ​បាន​តឹង​រឹង​បំផុត​ចំពោះ​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ជាមួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន ក៍បាន​បញ្ជា​ឲ្យ​កងកម្លាំង​ប្រើ​វិធានការ​ចាប់បង្ខំ​ដោយ​អញ្ជើញ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ក្តី​ជាមួយ​ប្រតិភូ​ការ​បរទេស​ហុង​គ្រី​ទាំងអស់​ទៅ​កាន់​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល ។​

​បើ​តាម​លោក ហ៊ុន សែន រាជរដ្ឋាភិបាល​បាន​ត្រៀម​បន្ទប់​ចំនួន​៤០០​នៅ​សណ្ឋាគារ​សុខា​ទល់មុខ​ព្រះ​បរមរាជវាំង​ត្រើយ​ខាងកើត ប៉ុន្តែ​លោក​ថា​មក​ទល់​នឹង​យប់មិញ​នេះ​មាន​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​ដែល​គេ​ដឹង​ថា​ជា​របស់​លោក​ឧកញ៉ា សុខ គង់​នោះ ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ ។​

​ដោយ​ព្រមាន​ជា​មុន​អំពី​គ្រោះ​មហន្តរាយ​សម្រាប់​ជាតិ​ទាំងមូល ប្រសិនបើ​ធ្វើ​ប្រហែស ពិសេស​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​មិន​បាន​ត្រឹមត្រូវ បណ្តាល​ឲ្យ​រីក​រាលដាល​ចូល​ក្នុង​សហគមន៍ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ​នោះ ក៍បាន​បញ្ជាក់​ដែរ​ថា លោក​កំពុង​គិត ថា​តើ​ត្រូវ​ប្រកាស​បិទ​ទីក្រុង​ភ្នំពេញ ឬ​ផ្នែក​ណាមួយ​នៅ​ក្នុង​ប្រទេស​ឬទេ ព្រោះ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​មាននៅ​ក្នុង​ដៃ​លោក​រួច​ហើយ ដែល​លោក​អាច​នឹង​ដាក់​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដាក់​ប្រទេស​ជាតិ​ក្នុង​ផ្នែក​ណាមួយ ឬ​ទីក្រុង​ភ្នំពេញ ឬ​ក្នុង​ប្រទេស​ទាំងមូល​ក្នុង​គ្រា​មាន​អាសន្ន តែ​លោក​បញ្ជាក់​ថា លោក​មិន​ចង់​ដល់​ចំណុច​នោះ​ទេ​(​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​) ព្រោះ​វា​ប៉ះពាល់​ដល់​សិ​ទ្ឋិ​សេរីភាព​មនុស្ស​ច្រើន​គ្នា ៕