មន្ទីរសម្រាកព្យាបាល លី ស្រីវីណា បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបើកទទួលអ្នកជំងឺឡើងវិញចាប់ពីម៉ោង៣រសៀលថ្ងៃស្អែក ថ្ងៃទី២០ វិច្ឆិកា ២០២០ ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសម្រាកព្យាបាល លី ស្រីវីណា ដែលត្រូវបានគេចែកចាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៩ វិច្ឆិកា ២០២០នេះ ។
គេនៅមិនទាន់ដឹងថា គ្លីនិក «លី ស្រីវីណា» បានទទួលការអនុញ្ញាតជាផ្លូវការពីក្រសួងសុខាភិបាលឲ្យបើកដំណើរការឡើងវិញឬយ៉ាងណានោះទេ ព្រោះគ្លីនិកខាងលើ ត្រូវបានក្រសួងសុខាភិបាលសម្រេចបិទកាលពីថ្ងៃទី០៦ វិច្ឆិកា ២០២០ ដោយសំអាងថា គ្លីនិក លី ស្រីវីណា ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ បន្ទាប់ពីលោកមេធាវី ទេព ពៅ បានទទួលមរណភាពដោយគាំងបេះដូងនៅក្នុងគ្លីនិកនេះកាលពីថ្ងៃទី២៩ តុលាកន្លងទៅ ។
ជុំវិញការប្រកាសរបស់គ្លីនិកខាងលើនេះដែរ នៅម៉ោងជាង៦ល្ងាចថ្ងៃទី១៩ វិច្ឆិកា «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតាមទូរសព្ទបានទេ ពីតំណាងគ្លីនិក លី ស្រីវីណា ជាពិសេសអ្នកនាំពាក្យក្រសួងសុខាភិបាលលោក ឱ វណ្ណឌីន ។
ជាការកត់សម្គាល់ ការប្រកាសបើកដំណើរឡើងវិញនៃមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៣៩A ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងលើនេះដែរ គឺបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី លី ស្រីវីណា ដែលគេដឹងថាជាម្ចាស់មួយរូបនៃគ្លីនិកនេះ និងជាអតីតតំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១០ វិច្ឆិកា ២០២០ បានយល់ព្រមឲ្យលោកស្រីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាតាមសំណើរបស់លោកស្រីចុះថ្ងៃទី០៩ វិច្ឆិកា ។
រយៈពេល២ថ្ងៃ ក្រោយពេលដែលលោក ហ៊ុន សែន យល់ព្រមឲ្យលោកស្រី លី ស្រីវីណា ចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺនៅថ្ងៃទី១២ វិច្ឆិកា ២០២០ ព្រះមហាក្សត្រខ្មែរ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានចេញព្រះក្រឹត្យផ្តល់នីតិសម្បទាឲ្យលោកស្រី លី ស្រីវីណា អាចធ្វើនយោបាយឡើងវិញ ក្រោយពេលដែលលោកស្រី រួមនឹងអ្នកតំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៧នាក់ផ្សេងទៀត ត្រូវបានតុលាការកំពូលកាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ ហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ និងសម្រេចរំលាយគណបក្សសង្គ្រោះជាតិនោះរួចមក ៕