ចេញពីកំពង់ធំមកពោធិសែនជ័យ គ្រាន់តែរឿងបារី ប៉ូលិសបញ្ចូលគ្រាប់គំរាមបាញ់នគរបាល

ប៉ូលិស​អន្តរាគមន៍​ម្នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​នគរបាល​ម្នាក់​ពី​បទ​«​ប៉ុនប៉ង​ឃាតកម្ម​» ។​

​ប្រភព​បន្ត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០២០ ឈ្មោះ រ៉េ​ត សុគន្ធ អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្តរាគមន៍​ព្រែក​ឯង មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ដើមបណ្តឹង​ដែល​សមត្ថកិច្ច​មូលដ្ឋាន​អះអាង​ថា​ជា​ប៉ូលិស​និង​ត្រូវជា​មិត្ត​ភ័ក្តិ​ជនសង្ស័យ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ អាយុ​២៦​ឆ្នាំ​ដូច​គ្នា ។​

​បើ​តាម​នគរបាល​មូលដ្ឋាន ជនសង្ស័យ​និង​ជន​រង​គ្រោះ ត្រូវជា​មិត្ត​ភ័ក្តិ​នឹង​គ្នា​រួម​នឹង​មនុស្ស​ប្រមាណ​១០​នាក់​ផ្សេង​ទៀត បាន​ផឹកស៊ី​ក្នុង​ភោជនីយដ្ឋាន​ដែល​មាន​យីហោ «​ហ្ស៊ឹ​ម​» ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​  ។​

​អំឡុង​ពេល​ដែល​កំពុង​ផឹក​បណ្តើរ ជជែក​គ្នា​ពី​នេះ​ពី​នោះ​បណ្តើរ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ រ៉េ​ត សុគន្ធ បាន​ហុច​បារី​មួយ​ដើម​អោយទៅ​ដើមបណ្តឹង​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ​  ប៉ុន្តែ​ចៃដន្យ​អី​ពេល​ហុច​នោះ បារី​ក៍បាន​ធ្លាក់​ក្រោម​តុ ហើយ​ជនសង្ស័យ​ក៏​អោន​រើស​បារី​ដែល​ធ្លាក់​ទៅ​លើ​ដី ហុច​ទៅ​អោយ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​មិន​យក ដោយ​ចង់បាន​បារី​ថ្មី ធ្វើ​អោយ​ជនសង្ស័យ​ផ្ទុះ​កំហឹង​ដោយ​ចោទ​ជន​រង​គ្រោះ​មើលងាយ​ខ្លួន រួច​ជនសង្ស័យ​ក៍​ទាញ​អាវុធ​ខ្លី​ម៉ាក Lock19 ផលិត​នៅ​អា​មេ​រិ​ក​ចេញពី​កាបូប​ដាក់​សម្ភារ និង​បញ្ចូល​គ្រាប់ រួច​ភ្ជង់​គំរាម​បាញ់​ទៅ​លើ​ជន​រង​គ្រោះ ប៉ុន សិទ្ធា​រាជ្យ តែ​ម្តង​។​

​ក្រោយ​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ដូច្នេះ មិត្ត​ភ័ក្តិ​រួម​តុ​ជាមួយ​គ្នា​ក៍បាន​ឃាត់​និង​ចាប់​បំបែកចេញ​រៀង​ៗ​ខ្លួន​  ។​
​ក្រោយ​ធ្វើ​សកម្មភាព​ដក​កាំំ​ភ្លើង​អា​ម៉េ​បញ្ចូល​គ្រាប់​គំរាម​បាញ់​សម្លាប់​មិត្ត​ភ័ក្តិ​នោះ​រួច​មក ជនសង្ស័យ​ហាក់​ដឹងខ្លួន​ក៍បាន​រត់គេច​ខ្លួន ។​

​ដោយ​ខឹង​នឹង​មិត្ត​ភ័ក្តិ​ប៉ុនប៉ង​បាញ់​សម្លាប់​ខ្លួន ជន​រង​គ្រោះ ក៍បាន​រៀបចំ​ពាក្យបណ្តឹង និង​ប្តឹង​ចូល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយក៍​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​នឹង​ផ្ទះ​តែ​ម្តង​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ៕