ប៉ូលិសអន្តរាគមន៍ម្នាក់ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់នគរបាលម្នាក់ពីបទ«ប៉ុនប៉ងឃាតកម្ម» ។
ប្រភពបន្តថា ជនសង្ស័យដែលឃាត់ខ្លួននៅល្ងាចថ្ងៃទី១៩ វិច្ឆិកា ២០២០ ឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង មានទីលំនៅស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកដើមបណ្តឹងដែលសមត្ថកិច្ចមូលដ្ឋានអះអាងថាជាប៉ូលិសនិងត្រូវជាមិត្តភ័ក្តិជនសង្ស័យឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំដូចគ្នា ។
បើតាមនគរបាលមូលដ្ឋាន ជនសង្ស័យនិងជនរងគ្រោះ ត្រូវជាមិត្តភ័ក្តិនឹងគ្នារួមនឹងមនុស្សប្រមាណ១០នាក់ផ្សេងទៀត បានផឹកស៊ីក្នុងភោជនីយដ្ឋានដែលមានយីហោ «ហ្ស៊ឹម» ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
អំឡុងពេលដែលកំពុងផឹកបណ្តើរ ជជែកគ្នាពីនេះពីនោះបណ្តើរ ស្រាប់តែជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមអោយទៅដើមបណ្តឹងឈ្មោះ ប៉ុន សិទ្ធារាជ្យ ប៉ុន្តែចៃដន្យអីពេលហុចនោះ បារីក៍បានធ្លាក់ក្រោមតុ ហើយជនសង្ស័យក៏អោនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅអោយជនរងគ្រោះ តែជនរងគ្រោះមិនយក ដោយចង់បានបារីថ្មី ធ្វើអោយជនសង្ស័យផ្ទុះកំហឹងដោយចោទជនរងគ្រោះមើលងាយខ្លួន រួចជនសង្ស័យក៍ទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅអាមេរិកចេញពីកាបូបដាក់សម្ភារ និងបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ តែម្តង។
ក្រោយឃើញហេតុការណ៍គ្រោះថ្នាក់ដូច្នេះ មិត្តភ័ក្តិរួមតុជាមួយគ្នាក៍បានឃាត់និងចាប់បំបែកចេញរៀងៗខ្លួន ។
ក្រោយធ្វើសកម្មភាពដកកាំំភ្លើងអាម៉េបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់មិត្តភ័ក្តិនោះរួចមក ជនសង្ស័យហាក់ដឹងខ្លួនក៍បានរត់គេចខ្លួន ។
ដោយខឹងនឹងមិត្តភ័ក្តិប៉ុនប៉ងបាញ់សម្លាប់ខ្លួន ជនរងគ្រោះ ក៍បានរៀបចំពាក្យបណ្តឹង និងប្តឹងចូលអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ហើយក៍ឈានទៅចាប់ខ្លួនជនសង្ស័យនៅនឹងផ្ទះតែម្តងនាល្ងាចថ្ងៃព្រហស្បតិ៍នេះ ៕