លោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនហ៊ួរ ត្រូវបានព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យចូលខ្លួននៅការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសាកសួរពីបទ«ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកគ្មានសាច់ប្រាក់) » ។
បើតាមដីកាបញ្ជាឲ្យចូលខ្លួន ចេញដោយលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី០៣ វិច្ឆិកា ២០២០ និងដែលត្រូវបានគេទើបចែកចាយបន្តគ្នានៅថ្ងៃទី២០ វិច្ឆិកានេះ បានបញ្ជាក់បន្ថែមថា លោក សៅ ប៊ុនហ៊ួរ អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៧៩ បេ ផ្លូវលេខ២៧ ភូមិប្ញស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវចូលខ្លួននៅការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសរៀងរាល់ម៉ោងធ្វើការ ឲ្យបានមុនថ្ងៃទី២៣ វិច្ឆិកា ២០២០ ។
យ៉ាងណា គេមិនដឹងថាតើលោកផ្កាយ១ សៅ ប៊ុនហួរ មានពាក់ព័ន្ឋនឹងការរកស៊ីទិញលក់អ្វីនោះទេ ហើយក៍មិនដឹងថាឆបោករឿងអ្វីដែរ គ្រាន់តែតាមដីការបស់លោក ច្រឹង ខ្មៅ គឺលោក សៅ ប៊ុនហ៊ួរ ដែលគេមិនបង្ហាញអំពីមុខតំណែងនិងអង្គភាពនោះ ទទួលរងការប្តឹងពីឈ្មោះ ឌី ក្តឹប តែប៉ុណ្ណោះ ។
ក្រុមអ្នកច្បាប់បានបញ្ជាក់ដែរថា បើតាមដីកាខាងលើ ប្រសិនបើលោក សៅ ប៊ុនហួរ មិនចូលខ្លួនឲ្យបានមុនថ្ងៃទី២៣ វិច្ឆិកាតាមកាលកំណត់ លោកនឹងត្រូវតំណាងអយ្យការចេញដីកាមួយទៀតគឺដីកានាំខ្លួន ឬ ចាប់ខ្លួន ៕